(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៧% ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយសារភាពរឹងមាំ នៃកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើតាមរបាយការណ៍ស្ដីពី ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជារបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា ក្នុងរយៈពេលខ្លី បានមកពីការនាំចេញ ដ៏រឹងមាំ និងកំណើនលំហូរចូល នៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំង អាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា»។

សេដ្ឋវិទូជាន់ខ្ពស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា​ រូបនេះ បានបន្ថែមទៀតថា «គោលនយោបាយ សម្រួលដំណើរការ និងនីតិវិធីដែលចាំបាច់ សម្រាប់ធ្វើធុរកិច្ច នឹងជួយលើកកម្ពស់ សហគ្រិនភាព ធ្វើឲ្យសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកជាមួយនឹងវិស័យកម្មន្តសាល កាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជួយបង្កើត ការងារល្អៗ បន្ថែមទៀត»។

តាមរបាយការណ៍បានឲ្យដឹងថា ទិន្នផលឧស្សាហកម្មរបស់កម្ពុជា ទំនងជានឹងបន្តកើនឡើង៩,៦% នៅឆ្នាំនេះ ជាមួយនឹងការថមថយកំណើន នៃឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលអាចកាត់កង ដោយកំណើនខ្ពស់ជាងមុន ក្នុងឧស្សាហកម្មដែលទើបនឹងលេចចេញជារូបរាង ដូចជា៖ ឧស្សាហកម្ម ផលិតគ្រឿងអគ្គិសនី គ្រឿងបន្លាស់ រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។

កំណើនក្នុងវិស័យសេវាកម្ម និងបន្តមានភាពល្អប្រសើរ ពោលគឺ ៧.១% នៅឆ្នាំនេះ ដោយសារភ្ញៀវទេសចរមានចំនួនច្រើន។ សន្មតថា អាកាសធាតុ មានស្ថានភាពអំណោយផល កសិកម្មរបស់ប្រទេសកម្ពុជា នឹងមានកំណើន ១,៨% ក្នុងឆ្នាំ ២០១៨។ គោលនយោបាយសារពើពន្ធ នឹងមានលក្ខណៈពង្រីកបន្ថែមនៅឆ្នាំនេះ ជាងកាលពីឆ្នាំ ២០១៧ ដោយកំណើន ប្រាក់ចំណូល នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាងមុន និងដោយឱនភាពសារពើពន្ធ ដែលអាចកើនឡើងទៅដល់ ៥,១% នៃផលិតផលក្នុងស្រុកសរុប។

ឱនភាពគណនីចរន្ត (ដោយមិនរាប់ បញ្ចូលការផ្ទេរធនធានជាផ្លូវការ) នឹងមានការកើនឡើងនៅឆ្នាំនេះ ដោយសារចំណាយសម្រាប់ប្រេង និងផលិតផលនាំចូលដទៃទៀត មានការកើន ឡើងក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនមួយនេះ។ កំណើនលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស និងឥណទានផ្លូវការពីក្រៅ ប្រទេសទំនងនឹងអាច រ៉ាប់រងឱនភាព គណនីចរន្តបាន ព្រមទាំងអាចបង្កើនទុនបម្រុង ក្រៅប្រទេសរហូតដល់ប្រមាណ ១០ ពានលានដុល្លារត្រឹមចុងឆ្នាំ ២០១៨ ពោលគឺអាចរ៉ាប់រងការនាំចូលប្រមាណ ៦,១ ខែ។

ទស្សនៈវិស័យសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យ នៅផ្នែកខាងក្រោម ដោយសារភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ចំពោះភាពមិនប្រាកដប្រជា នៃវិស័យ ហិរញ្ញវត្ថុសកលលោក ដែលគេអាចសង្កេតឃើញកន្លងមក ដូចជាការបង្កើនផលធៀបឥណទានធនាគារ ជាមួយនឹងផលិតផលក្នុងស្រុកសរុបទ្វេដងនៅក្នុង រយៈពេល៥ឆ្នាំ ចុងក្រោយ នេះ រហូតដល់ ៧៦% កាលពីឆ្នាំមុននេះ។

ខណៈពេលដែលបទប្បញ្ញត្តិគ្រប់គ្រង ហានិភ័យឥណទាន និងការបង្កើនទុនបម្រុង ដែលត្រូវបានដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗនេះ បានជួយកាត់បន្ថយកំណើនឥណទាន របស់ធនាគារ មកនៅត្រឹម ១៥% គិតត្រឹមចុងឆ្នាំមុននេះ ឥណទានសម្រាប់វិស័យអចលទ្រព្យ មានការកើនឡើងរឹតតែឆាប់រហ័សទៅទៀត។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី មានមូលដ្ឋាននៅទីក្រុងម៉ានីល បានប្ដេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចបរិយាបន្ន កំណើនដែលធានា និរន្តរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់។ បង្កើតឡើងក្នុង ១៩៦៦ ធនាគារនេះ គឺជាកម្មសិទ្ធិរបស់ប្រទេស ជាសមាជិកចំនួន ៦៧ ដែលក្នុងនោះ ៤៨ ប្រទេសមកពីតំបន់នេះ៕