(តាកែវ)៖ លោក ជា វណ្ណដេត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាទី បានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយមិនត្រូវជឿតាមការឃោសនាបោកប្រាស់ របស់ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលបានហាមប្រជាពលរដ្ឋ កុំចេញទៅបោះឆ្នោត។

ថ្លែងនៅក្នុងពិធីជួបជុំនិវត្តន៏ជន ជាមន្រ្តីរាជការនៅស្រុកបាទី ប្រមាណជាង ៦០០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោក ជា វណ្ណដេត បានថ្លែងថា រយៈពេលថ្មីៗនេះ មានក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួន ដែលកំពុងតែស្ថិតនៅក្រៅប្រទេស បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរបស់ខ្លួននៅ ថ្ងៃទី២៩ ខែកក្ដដា ខាងមុខ។

លោកបានបន្តថា ការអំពាវនាវបែបនេះ គឺខុសទៅនឹងច្បាប់ដោយត្រូវពិន័យជាប្រាក់ និងទទួលទោសថែមផង។

តំណាងរាស្រ្តមណ្ឌលតាកែវ បានបន្តថា «ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់យករបបប្រជាធិតេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាកើតចេញ ពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាចេញទៅបោះឆ្នោតជ្រើសរើស អ្នកដឹកនាំប្រទេស ហើយសូមបងប្អូនត្រូវពិចារណា ឲ្យបានច្បាស់លាស់ផងដែរ មុននឹងគូសសន្លឹកឆ្នោតប្រគល់ជូន គណបក្សណាមួយ ពោលបងប្អូនត្រូវគិតថា តើអ្នកនយោបាយគណបក្សណាមួយ ដែលនៅបម្រើបងប្អូន មិនរត់ចោលបងប្អូន និងតាមការពារបងប្អូនគ្រប់ពេលទាំងអស់»

បើតាមលោក ជា វណ្ណដេត សមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅពាសពេញផ្ទៃប្រទេស គឺកើតចេញពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួមសមិទ្ធផលទាំងអស់នេះ មិនមែនកើតចេញពីពួកប្រឆាំងផ្កាប់មុខនោះទេ។

លោកបានផ្តាំងបន្តថា ដើម្បីរក្សាសមិទ្ធផលទាំងអស់នេះ នៅគង់វង្ស និងធ្វើឲ្យប្រទេសជាតិ កាន់តែមានការផ្លាស់ប្ដូរអភិវឌ្ឍន៏ទៅមុខថែមទៀតនោះ សូមបងប្អូនបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសឈានឆ្ពោះទៅរកភាពសម្បូរសប្បាយរុងរឿងតទៅមុខទៀត៕