(កំពង់ស្ពឺ)៖ តាងនាមឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ចេញរថយន្តសាធារណៈ​ ដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះ ក៏មានពលរដ្ឋរាប់សិបនាក់នៅខេត្តកំពង់ស្ពឺផងដែរ។

នៅក្នុងលិខិតថ្លែងអំណរគុណរបស់ខ្លួន នៅថ្ងៃនេះ លោក វ៉ី សំណាង បានថ្លែងថា «ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ និងក្នុងនាមខ្ញុំបាទ មានសេចក្តីសោមន្សរីករាយក្រៃលែងចំពោះកាយវិកា និងទឹកចិត្តសប្បុរសដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ...»។

សូមបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរកជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨នោះ, រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងទីតាំង និងពេលវេលាជាក់លាក់ សម្រាប់ឡើងជិះរថយន្តក្រុង។ (សូមមើលតារាងដែលមានភ្ជាប់ជូន)

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨៕