(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោងប្រមាណ ៩៖៤២នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុន CNQC Construction កាយដីដាក់លូប៉ះខ្សែបណ្តាញអគ្គិសនីធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌចំការមន និងដូនពេញ។

បើតាមអគ្គិសនីកម្ពុជា តំបន់ដែលដាច់ភ្លើងនេះរួមមាន៖ (១) មហាវិថីព្រះនរោត្តម ផ្លូវលេខ៤១ ផ្លូវលេខ៣៦០ និងផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, (២)ផ្លូវលេខ៣០៦ និងផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន និងទី (៣) ផ្លូវលេខ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងណាក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃដដែលនេះរួចរាល់ហើយ។

អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕