(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ ក្រោមវត្តមានលោក ឆេង សារឿន រដ្ឋលេខាធិការ តំណាងលោកស្រី ម៉ែន សំអន។

លោក ឆេង​ សារឿន បញ្ជាក់ថា ក្រសួងបានរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ ជាច្រើនសំដៅពង្រឹងអភិបាលកិច្ច និងរួមចំណែកប្រយុទ្ធប្រឆាំងអំពើ ពុករលួយរហូតសម្រេច បានលទ្ធផលគួរឲ្យកត់សំគាល់ក្នុងការងារជាច្រើន ដូចជា ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ និងការទទួលពាក្យច្បាប់។

លោករដ្ឋលេខាធិការ បន្តថា តាមរយៈលទ្ធផលអធិការកិច្ច និងការអង្កេត និងដោះស្រាយបណ្តឹងនានាក្រសួង បានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញតម្លាភាព និងគណនេយ្យភាពជួយ កាត់បន្ថយការរំលោភអំណាច និងអំពើពុករលួយដែលជាការងារស្នូលដ៏សំខាន់ នៃអភិបាលកិច្ចល្អ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជ រដ្ឋាភិបាល។

លោក ឆេង សារឿន បានលើកឡើងទៀតថា «វឌ្ឍនភាព នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការ សម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច គ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា បង្កើនប្រសិទ្ធភាពក្នុងការបំពេញតួនាទី ភារកិច្ចដើម្បីឆ្លើយតបបាននូវផ្តល់សេវាសាធារណៈឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធផលខ្ពស់»។

ជាមួយគ្នានេះ លោក ឆេង សារឿន បានណែនាំដល់ មន្ត្រីរាជការក្រសួងទាំងអស់ត្រូវបានយកចិត្តទុកដាក់ អនុវត្តឲ្យបានល្អ តាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់» ដែលយើងត្រូវចងចាំ កុំភ្លេចឲ្យសោះ៕