(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃច័ន្ទទី៩ ខែមេសា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យគណៈប្រតិភូ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ចូលជួបសម្តែងការគួរសម ជូនពរនិងទទួលពរជ័យក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសនោះដែរ លោក ហ៊ុយ វណ្ណៈ បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពីដំណើរទៅមុខនៃការកសាងអគារអចិន្ត្រៃយ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងផែនការគ្រោងធ្វើកម្មវិធីរាត្រីសមោសរ។ ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ក៏ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពី «បំណងបង្កើតគណៈកម្មាធិការក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា ដើម្បីការពារ កែលម្អនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យមានតម្លៃ ថ្លៃថ្នូរ និងកិត្តិយស»

លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា៖ «លោកចង់ប្រែក្លាយ ស.ស.ស.ក ទៅជាស្ថាប័នវាយតម្លៃសារព័ត៌មានកម្ពុជាដោយខ្លួនឯង ដោយមិនទុកបណ្តោយឲ្យបរទេសនៅឯឆ្ងាយវាយតម្លៃកម្ពុជានោះឡើយ។ ការធ្វើមានខុស មានត្រូវ យើងត្រូវហ៊ានទទួលយក និងកែលម្អរដោយខ្លួនយើង ដោយមិនចាំបាច់អ្នកខាងក្រៅនិយាយនោះទេ»

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមនេះ។ កន្លងមកនៅកម្ពុជាមានក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានដែរ តែប្រៀប បានខ្លាចាស់ ឥតធ្មេញ ហើយចាំបាច់គៀងគរសមាសភាព ព្រឹទ្ធាចារ្យ ជាទីគោរពនិងមានបទពិសោធន៍ និងស្ថាប័នឯករាជ្យចូលក្នុងគណៈកម្មាធិការនេះ ទើបមានប្រសិទ្ធភាពនិងឥទ្ធិពលលើការតម្រង់ទិសអ្នកសារព័ត៌មាន៕