(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ លោកឧកញ៉ ស្រី ចាន់ថន អគ្គនាយក JET’S GROUP និង ជាប្រធានគណ:កម្មការ បានដឹកនាំរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ 7NG-ស្កាយលែន វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថា ពុកម៉ែ បងប្អូន យុវជន យុវនារី ទាំងអស់ អញ្ជើញចូលរួមទស្សនាកំសាន្ត អោយបានច្រើនកុះករ ព្រោះកម្មវិធីសង្រ្កាន្តនេះជាលើកទីមួយ មិនធ្លាប់មានពីមុនមក។

លោកថា ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍដ៍ធំសំបូរបែបរបស់ក្រុមហ៊ុន 7NG-ស្កាយលែន និងបង្ហាញនូវសាមគ្គីភាពមិត្តភាព ការច្នៃប្រឌិតដ៏អស្ចារ្យ ដែលជាស្នាដៃរបស់កូនខ្មែរ ការគោរពដឹងគុណ ដល់បុព្វការីជន និងការចូលរួមលើកតម្កើនវប្បធម៌ ប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរយើងផងដែរ៕