(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក ម៉ាក អេឌីងតុន នាយកផ្នែកគ្រប់គ្រង ថវិកាហិរញ្ញប្បទាន ឥតសំណង នៃមូលនិធិសកល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេងនៅកម្ពុជា។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានអញ្ជើញចូលរួមពីលោក លោកស្រី តំណាង ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, ក្រុមបេសកកម្ម មូលនិធិសកលប្រចាំកម្ពុជា, សមាជិកគណៈកម្មាធិការ សម្របសម្រួលជំនួយមូលនិធិសកល, តំណាងអង្គការសង្គមស៊ីវិល ជាភ្នាក់ងារអនុវត្តកម្មវិធី ព្រមទាំងស្ថាប័ន និងភាគី ពាក់ព័ន្ធផ្សេងទៀត ដែលរៀបចំធ្វើឡើង នៅក្នុងទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ថ្លែងក្នុងពីធីនេះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «មូលនិធិសកល គឺជាដៃគូដ៏សំខាន់បំផុតរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលបានរួមចំណែកដ៏ច្រើនដល់កម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធកម្មគួរជាទីមោទនៈ ក្នុងការកាត់បន្ថយចំនួនគ្រោះថ្នាក់ពីជំងឺទាំងនេះ។ ហិរញ្ញប្បទានឥតសំណងថ្មីចំនួនប្រមាណ ៥៥.៤លានដុល្លារអាមេរិកនេះ គឺជាជំហានដ៏ ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង និងពិភពលោកទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង»។

លោកបណ្ឌិតសភាចារ្យបន្ដថា ជំនួយឥតសំណងនេះ បានវិភាជន៍ថវិកាចំនួន៤១លានដុល្លារអាមេរិក សម្រាប់ការងារប្រយុទ្ធប្រឆាំង ជំងឺអេដស៍ និងថវិកាចំនួនប្រមាណ១៣លានដុល្លារអាមេរិកផ្សេងទៀត សម្រាប់ការងារប្រយុទ្ធ នឹងជំងឺរបេង ដែលនឹងជួយយើងឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗទៀត សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់ ២០២០ ស្រប តាមចក្ខុវិស័យប្រកប ដោយមហិច្ឆតានៃផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ គឺ «ប្រជាពលរដ្ឋកម្ពុជា ទាំងអស់មានសុខភាព និងសុខមាលភាពកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចប្រកបដោយចីរភាព»

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា នេះគឺជាគម្រោងទី១ហើយ ដែលមូលនិធិសកលបានឯកភាពទទួលយកប្រព័ន្ធប្រទេស (Country System) សម្រាប់អនុវត្តគម្រោង។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រទេសនេះ មិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពអនុវត្តគម្រោង និង ពង្រឹងសមត្ថភាព ទទួលខុសត្រូវ របស់ក្រសួង-ស្ថាប័ន អនុវត្តគម្រោងប៉ុណ្ណោះទេ តែថែមទាំងជាសក្ខីភាពបង្ហាញ អំពីជំនឿទុកចិត្ត កាន់តែរឹងមាំជាងមុនរបស់មូលនិធិសកល ចំពោះសមត្ថភាពនិងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង គម្រោងអភិវឌ្ឍន៍ថែមទៀតផង។ ដូច្នេះ ពិធីប្រកាសដាក់ឱ្យអនុវត្តនាថ្ងៃនេះ គឺជាសក្ខីកម្ម នៃភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា «តាមរយៈការប្តេជ្ញា និងឆន្ទៈដ៏មោះមុត របស់យើង ក្នុងការយកជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ ក៏ដូចជាការថែរក្សាការពារនូវសុខភាព របស់បងប្អូនប្រជាពលរដ្ឋ យើងបានរួមគ្នាខិតខំប្រឹងប្រែងរៀបចំ និងដាក់ចេញនូវចង្កោមសកម្មភាពការងារ និងយន្តការសម្រាប់ អនុវត្តនៅក្នុងស្មារតីសហការគ្នា ដែលពុំធ្លាប់មាន ពីមុនមក។ យើងបានរួមគ្នាបើកទំព័រ សករាជថ្មីនៃភាពជាដៃគូ និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល ក្នុងស្មារតីគោរពគ្នាវិញទៅមក»