(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយ ដើម្បីឲ្យសាធារណជនទាំងអស់ជ្រាប និង ប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ទៅលើការជូញដូររូបិយប័ណ្ណឌីជីថល ព្រោះថារហូតមកដល់ពេលនេះ គណៈកម្មការមូលបត្រកម្ពុជា មិនទាន់បានផ្ដល់អាជ្ញាបណ្ណ​ដល់ក្រុមហ៊ុនណាមួយនៅឡើយទេ ក្នុងការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការបោះផ្សាយ ឬប្រតិបត្តិការជួញដូរពាក់ព័ន្ធ នឹងរូបិយប័ណ្ណឌីជីថលនេះ។

ការចេញសេច​ក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងខណៈពេលដែលឃើញថា មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយយ៉ាងសកម្មតាមប្រព័ន្ធអ៊ីនធើណែត និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ អំពីការបោះផ្សាយ និងការជួញដូររូបិយប័ណ្ណឌីជីថល ដែលជាប្រភេទឧបករណ៍ ហិរញ្ញវត្ថុថ្មីមិន​ទាន់មាន​ការសិក្សា​ច្បាស់លាស់ ដែលការជួញដូរនេះអាចនឹងជួបហានិភ័យខ្ពស់ និងបង្កឲ្យមានការខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាយថាហេតុ។

ដើម្បីជៀសវាងនូវហានិភ័យ ឬការខាតបង់ផ្សេងៗ គណៈកម្មការមូលបត្រកម្ពុជា សូមអំពាវនាវឲ្យសាធារណៈជនទាំងអស់ប្រុងប្រយ័ត្នលើការពាក់ព័ន្ធ ឬប្រឡូកក្នុងការជួញ​ដូររូបិយប័ណ្ណឌីជីថលទាំងនេះ ដែលនាំដល់ការទទួលខុសត្រូវ និងរ៉ាបរងដោយខ្លួនឯងលើហានិភ័យ និងការខាតបង់ជាយថាហេតុ។

ជាមួយគ្នានេះ ថ្មីៗនេះដែរ គណៈកម្មការមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការ លើហ្វីនថិចជាមួយក្រុមហ៊ុន Camnext Global Ltd ក្នុងគោល​បំណងសិក្សា​ស្រាវជ្រាវលើយន្ដការ ប្រភេទឧបករណ៍​ហិរញ្ញវត្ថុឌីជីថល និងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ ជាមធ្យោបាយក្នុងការប្រមូល​សាច់ប្រាក់ ឬមូលនិធិពីសាធារជន ឬប្រើប្រាស់ជាកម្មវត្ថុនៃការជួញដូរ ព្រមទាំងសិក្សាលើហានីភ័យពាក់ព័ន្ធឲ្យបានច្បាស់លាស់ជាមុនសិន មុនឈានដល់ការរៀប​ចំបទប្បញ្ញត្តិគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុឌីជីថលថ្មីៗ ទាំងនោះក្នុងវិស័យមូលបត្រឲ្យមានប្រសិទ្ធភាព សុវត្ថិភាព តម្លាភាព និងសណ្ដាប់ធ្នាប់ ដើម្បី​ជាផលប្រយោជន៍ និងទំនុកចិត្តសម្រាប់អ្នកចូលរួមក្នុងទីផ្សារ៕