(ភ្នំពេញ)៖ មន្ទីរសម្រាកថែទាំមនុស្សចាស់ បានចាប់ផ្តើមបើកដំណើរការ ជាលើកដំបូងបង្អស់នៅកម្ពុជា ដើម្បីទទួលព្យាបាលជំងឺមនុស្សចាស់ និងជំងឺទូទៅផងដែរ ដោយមិនចំណាយពេលវេលា ទៅព្យាបាលជំងឺនៅបរទេស។

លោក ព្រំ សុភា ប្រធានគ្រប់គ្រងទូទៅ នៃមន្ទីសម្រាកព្យាបាលវិសារ បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ នូវសេវាកម្មថែទាំមនុស្សចាស់ និងអ្នកជម្ងឺដល់គេហដ្ឋាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ថា មន្ទីរសម្រាកថែទាំមនុស្សចាស់ វិសារជាមន្ទីពេទ្យដំបូងគេបង្អស់ ដែលទើបតែមាននៅកម្ពុជា។

លោកបន្តថា «វិសារចាប់ផ្ដើមដំណើរការសាកល្បង រយៈពេល១៦ខែ និងបានសិក្សាស្វែងយល់ ពីប្រព័ន្ធនៃការថែទាំមនុស្សចាស់ នៃប្រទេសជាច្រើន ដូចជាបារាំង ថៃ សិង្ហបុរី និងអូស្រ្តាលី។ ពួកយើងព្យាយាមរិះរកគំនិត និងការបង្កើតមន្ទីរសម្រាក ថែទាំមនុស្សចាស់ ឯកជនដំបូងគេបង្អស់នៅកម្ពុជា ដើម្បីចូលរួមចំណែកថែទាំមនុស្ស ចាស់ នៅប្រទេសកម្ពុជា មានលក្ខណៈប្រសើរ ស្របតាមតម្រូវការ គុណភាពជាចម្បង ឆ្លើយតបបរិបទ វប្បធម៌នៃប្រទេសកម្ពុជា»

លោក ព្រំ សុភា បន្ថែមថា សេវាកម្មវិសារផ្ដោតលើ ឯកទេសថែទាំមនុស្សចាស់ និងអ្នកជម្ងឺដែលត្រូវការថែទាំ បន្តពីការព្យាបាលពីមន្ទីរពេទ្យ ឬវេជ្ជបណ្ឌិត ប្រចាំរបស់ពួកគាត់។ កន្លងមកវិសារបានសហការ ជាមួយទាំងវិស័យរដ្ឋ និងវិស័យឯកជន។ ជាមន្ទីរពេទ្យសម្រាកព្យាបាល និងមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មផ្សេងៗរួមទាំងក្នុងប្រទេស និងក្រៅប្រទេសដែលត្រូវការ បំពេញបន្ថែម ការថែទាំគាំទ្របន្តក្រោយការព្យាបាល។

សូមបញ្ជាក់ថា មន្ទីរសម្រាកថែទាំមនុស្សចាស់នេះ មានផ្ដល់ជូនការថែទាំពេលថ្ងៃ គឺមានរថយន្តសម្រាប់ទទួល មនុស្សចាស់ពីផ្ទះនិងជូនត្រឡប់ ទៅផ្ទះវិញជាប្រចាំ មានបន្ទប់ស្នាក់នៅ ថែទាំរយៈពេលខ្លី-រយៈពេលវែងមានអាហារដ្ឋាន ហាងកាហ្វេ មានបរិយាកាសធូរស្បើយ មានការកំសាន្តគាំទ្រផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹងផងដែរ៕