(កំពង់ចាម)៖ ដើម្បីរួមចំណែកលើកស្ទួយវិស័យពុទ្ធចក្រ ព្រមទាំងទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកព្រៃឈរ បានដាក់សម្ពោធសមិទ្ធផលថ្មីៗមានដូចជា ខ្លោងទ្វារ របង និងកុដិ ១ខ្នង ស្ថិតនៅក្នុងវត្តបោក្ខរណីសត្ថារាម ហៅវត្តគូរ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីសម្ពោធនោះ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រសូត្រចេញពីកម្លាំងសាមគ្គីធម៌របស់ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទថ្ងៃនេះ និងបានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញទាំងស្រុង ដោយរបបកម្ពុជាប្រជាធិបតេយ្យ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្រ្ត សំណង់វារីអគ្គីសនី ផ្លូវដែក និងសំណង់តូចធំនានា ដើម្បីបម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាជន និងកាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច។ លើសពីនេះរាជរដ្ឋាភិបាលក៏បានកំពុងបន្តទាក់ទាញវិនិយោគិនបរទេស ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន ដើម្បីបង្កើតការងារជូនប្រជាជន កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខិតខំថែរក្សាសមិទ្ធផលថ្ងៃនេះ ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់វិស័យពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើដំណើរដោយប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងត្រូវយកចិត្តទុកដាក់ចំពោះគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីការធ្វេសប្រហែសផ្សេងៗ។

គួររំលឹកដែរថា ក្នុងរយៈពេល ៣៩ឆ្នាំនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សិទ្ធិសេរីភាព និងជំនឿសាសនាត្រូវបានធានា និងបើកទូលាយឱ្យប្រជាជនគ្រប់ៗរូបអាចប្រតិបត្តិទៅតាមជំនឿ ដែលកត្តានេះបាននាំទៅរកភាពសុខដុមនីយកម្មសាសនា និងការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងខិតខំធ្វើឱ្យវត្តអារាម និងវិហារសាសនាទាំងអស់ ក្លាយជាទីសក្ការៈបូជា និងជាមជ្ឈមណ្ឌលហ្វឹកហ្វឺនស្មារតីប្រជាជន ដើម្បីចូលរួមស្តារ និងអភិវឌ្ឍន៍សង្គមជាតិ៕