(កំពង់ធំ)៖ ​​សមិទ្ធផលមួយចំនួន ក្នុងវត្តព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ត្រូវបានធ្វើពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា​ ដែលអង្គពិធីបានប្រារព្វធ្វើនៅវត្តដូងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។

លោក ងួន ញ៉ិល បានលើកឡើងថា នេះជាលើកទី២ហើយ ដែលលោកបានឧបត្ថម្ភ​មកកាន់វត្តដូងនេះ ហើយលោកបានថ្លែងអំណរគុណចំពោះព្រះសង្ឃ គ្រប់ព្រះអង្គមន្ត្រីរាជការ និងសប្បុរសជនទាំងអស់ ដែលបានរួបរួមគ្នាក្នុងការកសាងសមិទ្ធផលដ៏ល្អនេះ។ លោកថា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើងហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិត ជាមិនអាចកាត់ថ្លៃបានឡើយ។​

​បើតាមលោក ងួន ញ៉ិល ការជួបជុំក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនៅពេលនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនៈភាពជំនឿ និងការគោរពប្រតិបត្តិដ៏ជ្រាលជ្រៅ ចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាពមិត្តភាព និងការគាំទ្ររបស់​ប្រជាជនយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគៀងគរធនធានមនុស្ស តាមគ្រប់មធ្យោបាយដើម្បីរួមគ្នាអភិវឌ្ឍ​ប្រទេសជាតិ លើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រឲ្យមានភាពរុងរឿងរីកចម្រើនដូចសព្វថ្ងៃនេះ។​

​លោក ងួន ញ៉ិល បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿលើការញុះញង់លើពួកក្បត់ជាតិ នៃអតីតបក្សប្រឆាំង ដែលតែងតែប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើបដិវត្តន៍ពណ៌ដែលផ្ទុយ និងរដ្ឋធម្មនុញ្ញដែលត្រូវបានស្ថាប័នតុលាការកំពូល រំលាយចោលបាត់ទៅហើយ ហើយលោកបានសំណូមពរ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ សហការបំពេញការងារធានាឲ្យបាននៅសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ជូនប្រជាជនក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ចំពោះសមិទ្ធផលដែលកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺឧបដ្ឋានសាលា២ខ្នង ជាប់គ្នាមានទំហំ៣២ម៉ែត្រ គុណ២៨ម៉ែត្រ និងកំពស់១៣ម៉ែត្រកន្លះ ជាមួយសមិទ្ធផលនានា បានចំណាយថវិកា​អស់ជិត៧រយលានរៀល និងប្រាក់ដុល្លាជាង១៥ម៉ឺនដុល្លាអាមេរិក៕