(កំពត)៖ ​នៅយប់ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆេះរោងសិប្បកម្មផលិតពូក កន្លែង ស្ថិតក្នុង​ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត​ បណ្តាលឱ្យខូចខាតសម្ភារៈអស់មួយចំនួនធំ គិតជាទឹកប្រាក់អសខ្ទង់ម៉ឺនដុល្លារ។

មន្ដ្រីនគរបាលមូលដ្ឋាន ​បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានរលត់វិញ ដោយមានការចុះអន្ដរាគមន៍ និងដឹកនាំផ្ទាល់ពី​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត រួមជាមួយ​អាជ្ញាធរពាក់ព័ន្ធ។ ​ដោយឡែក ម្ចាស់រោងសិប្បកម្មខាងលើ ឈ្មោះ ឃុន តេង អាយុ​៧២ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ។​

​បើតាមសេចក្ដីរាយការណ៍ ក្រោយពីមានហេតុការកើតគ្រោះអគ្គិភ័យនេះ ប្រមាណ១៥នាទី គឺនៅម៉ោង​៣៖០០ទៀបភ្លឺឈានចូល ថ្ងៃទី០៨ ខែមេសា កម្លាំងអន្តរាគមន៍ ផ្នែកពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៤គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាម ហើយបានបាញ់ទឹកនៅពេលភ្លើងកំពុងតែឆាបឆេះ ដែលធ្វើឲ្យស្ថានការ​ណ៍នៃការឆាបឆេះនោះ បានរលត់មួយចំហៀងឃ្លាំងប៉ែកខាងលិច។ ក្នុងករណីឆេះនេះ គឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់​ជាង២០គ្រឿងទើបរលត់​ បាន​៩០ភាគរយ ហើយរហូតមកដល់ម៉ោង​៨ព្រឹកនេះ ទើបអគ្គីភ័យ​បានរលត់ជាស្ថាពរ។

បច្ចុប្បន្ន​សមត្ថកិច្ច និងអាជ្ញាធរ​កំពុង​ស្រាវជ្រាវរកមូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះ និងធ្វើការវាយតម្លៃជាក់ស្តែង នៃការខូចខាតអស់ទាំងនេះផងដែរ។

គួរបញ្ជាក់ថា​ រោងសិប្បកម្មផលិតពូកខាងលើ មានទ្រង់ទ្រាយធំ សម្រាប់ចែកចាយ គ្រប់កន្លែងនៅលើទីផ្សារនានា ហើយធ្លាប់អគ្គីភ័យឆាបឆេះ​៣លើករួចមកហើយ នៅពេលកន្លងមកនេះ ដោយខ្វះការប្រុងប្រយ័ត្នខ្ពស់​ និងគ្មានបំពាក់ឧបករណ៍បច្ចេកទេស ការពារសុវត្ថិភាពទៅតាមស្តង់ដារឡើយ៕​