(បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ ​អញ្ជើញជាអធិបតី​​​ក្នុងពិធីបុណ្យកាត់ឬសសីមា​ និងសម្ពោធព្រះវិហារថ្មី នៅវត្តសុវណ្ណគង្គាឡ​ ស្ថិតក្នុងឃុំរហាល​ ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី, សម្ដេច​ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និង​​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។​

លោក​ កែ​ គឹមយ៉ាន បានគូសបញ្ជាក់ថា ក្រោមយុទ្ធសាស្រ្តឈ្នះ​ ឈ្នះ ​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានគណបក្សប្រជាជន​កម្ពុជា​ បាននាំសុខសន្តិភាព​ សណ្តាប់ធ្នាប់​ ការអភិវឌ្ឍន៍លើគ្រប់វិស័យ​ជូនប្រទេសជាតិទាំងមូល​ ទាំងអាណាចក្រ​ និងពុទ្ធចក្រ​ ក្នុងនោះវិស័យពុទ្ធចក្រ ត្រូវបានស្តារឡើងវិញ ពីគំនរផេះផង់ដែលបានបំផ្លិចបំផ្លាញពីរបបវាលពិឃាតអាវខ្មៅ​។

ជាមួយគ្នានេះ​ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងនូវការកោតសរសើរចំពោះសប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល កសាងនូវសមិទ្ធផលខាងវិស័យពុទ្ធចក្រឲ្យមានការរីកចម្រើន និងបានថ្លែងអំណរគុណចំពោះមន្រ្តីរាជការ នៃមន្ទីរជំនាញនានា អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលព្រះវិហារនេះឡើង និងសូមសំណូមពរដល់​ពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែទាំសមិទ្ធផលទ្រព្យសម្បត្តិ និងសំណង់នានាមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស។

ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយជាបច្ច័យប្រគេន​ និងផ្តល់ជូនរួមមាន៖ លោកតា​ លោកយាយ​ អាយុពី៧០ឆ្នាំឡើង ទៅចំនួន៦១០នាក់ ក្នុង១នាក់ទទួលបាន​ ឃីត១កញ្ចប់​, ប្រគេនបច្ច័យសម្រាប់កសាងវត្ត​ចំនួន៣០លានរៀល, ជូននគរបាល​ថវិកា​៥០ម៉ឺន​រៀល, ជូនអាវុធហត្ថ​ស្រុក​ថវិកា​៥០ម៉ឺន​រៀល, ជូនប្រជាការពារថវិកា​៥០ម៉ឺន​រៀល និងជូនកងពលលេខ៥១ ថវិកា៥០រៀល និង​បានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងសប្បុរសជនជាច្រើននាក់៕