(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ​ត្រូវខិតខំ​ប្រឹងប្រែង និងជំនះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស​ឲ្យមានការរីកចម្រើន និង​លើកកម្ពស់កិត្យានុភាពជាតិឲ្យលេចធ្លោនៅលើឆាកអន្តរជាតិ​ ហើយថ្វី​បើសមិទ្ធផលនៅមិនទាន់មានគ្រប់គ្រាន់ស្របនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ​ ក៏រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបំពេញនូវកង្វះខាត ហើយការខិតខំទាំង​អស់អាចកើតឡើងបាន​លុះត្រាណាតែប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាព មានធនធាន មនុស្សគ្រប់គ្រាន់ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋ​ទាំងអស់គ្នា។​

នេះជាការ​គូសបញ្ជាក់របស់សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីបញ្ចុះខណ្ឌ​សីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ហៅវត្តកំពង់រាំង ស្ថិតនៅភូមិ រាំង ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមសម្តេច​ ហេង សំរិន «​យើងត្រូវបន្តពង្រឹងសាមគ្គីភាពជាតិ ប្រមូលផ្តុំធនធានមនុស្ស ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ អតីតកាល ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម ដោយឈរលើមូលដ្ឋានគោរពប្រតិបត្តិ ខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាកម្ពុជា ហើយត្រូវរក្សាការពាររាល់សមិទ្ធផល ដែល​សម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ និងធានាសម្រេចជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងដំណើរការការពារ និងកសាងមាតុភូមិយើង»

សម្តេចប្រធានរដ្ឋសភា បានបន្តថា ថ្ងៃនេះសម្តេច និងភរិយា ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ដែលបង្ហាញពីកម្លំាងសាមគ្គីភាព សំដៅលើក​ស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស រុងរឿងជារៀងរហូត ព្រោះប្រជាជនខ្មែរប្រមាណ​៩៥ភាគរយ គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្ត​អារាម​មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបជូនថា វត្តជនីរង្សី ហៅវត្តកំពង់រាំងនេះ កសាងឡើងនៅក្នុងឆ្នាំ១៩៥០ ហើយវត្តនេះក៏មិនខុសពីបណ្តាវត្តនានានៅទូទាំងប្រទេសទេ គឺបានទទួលរងនូវការបំផ្លិច បំផ្លាញដោយរបប ប៉ុល ពត និងត្រូវបានស្តារឡើងវិញនៅក្រោយឆ្នាំ១៩៧៩ ក្នុងនោះព្រះ​វិហារដែលជាសមិទ្ធផលដ៏ចាំបាច់ របស់វត្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមគ្នាកសាងឡើង ដោយបានចំណាយថវិកាអស់ប្រមាណ​១៣ម៉ឺនដុល្លារអាមេរិក និងសមិទ្ធផលចាំបាច់មួយចំនួនទៀត ក៏បានកសាងឡើងក្នុងវត្តនេះដែរ​ទុកសម្រាប់បម្រើដល់​វិស័យព្រះពុទ្ធសាសនាតរៀងទៅ៕