(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យលោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាព។

ក្នុងដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជាចំខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ក្រៅពីជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីការផ្ដល់ជំនួយឥតសំណង និងកម្ចីសម្រាប់អភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់សរុបជាង ៩០លានដុល្លារអាមេរិក។ ការចុះហត្ថលេខានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន តែម្តង។

ហិរញ្ញប្បទាន ដែលនឹងត្រូវចុះហត្ថលេខាផ្តល់ជូនកម្ពុជានាព្រឹកនេះរួមមាន៖ ១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា, ២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។

ឆ្នាំ២០១៨នេះ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានរៀបចំកម្មវិធីជាច្រើន ដើម្បីអបអរសាទរខួប ៦៥ឆ្នាំនៃចំណងការទូតនេះ។
ស្ថានទូតជប៉ុន បានសម្តែងក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជានាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសមួយដែលបានផ្តល់ជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជាច្រើនជាងគេ។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ពីឆ្នាំ១៩៩២ រហូតមកដល់ជិតដំណាច់ឆ្នាំ២០១៧ ប្រទេសជប៉ុនបានផ្តល់ថវិកាហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបប្រមាណ ៤,៤០០លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ៣,០៧៤លានដុល្លារ និងឥណទានសម្បទានមានចំនួនប្រមាណ ១,៣២៦លានដុល្លារ។

ជប៉ុន ក៏ជាប្រទេសដែលបានបណ្តាក់ទុនរកស៊ីច្រើនមួយផងដែរនៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈ CDC កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១.៦ប៊ីលានដុល្លារអាមេរិក៕