(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំដែងការគួសម ពិភាក្សាការងារ និងជូនពរសាធុការពរជ័យ សេរីមង្គលបវមហាប្រសើរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំនេះ។

ប្រតិភូអង្គភាពអង្គទ័ពទី៤ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ផាន ស៊ុនធៀត ( Phan Suntheat ) តំណាងឲ្យកម្មាភិបាលយុទ្ធជន កងទ័ពប្រជាជនវៀតណាម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងយោធពលខេមរភូមិន្ទ ជាពិសេសកងទ័ពជើងគោក ដែលក្នុងដំណើទស្សនកិច្ច របស់ប្រតិភូលោកមកកាន់កម្ពុជាបានទទួលស្វាគមន៍​យ៉ាងកក់ក្តៅ រាក់ទាក់ស្និទ្ធស្នាលបំផុត​។

ជំនួបនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនេះ លោកឧត្តមសេនីយ៍ត្រី ផាន ស៊ុនធៀត បានក៏បញ្ជាក់ថា ប្រតិភូអង្គទ័ពទី៤កងទ័ពប្រជាជនវៀតណាម មកកាន់កម្ពុជាលើកនេះ ក្នុងគោលបំណង រឹតចំណងសាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយក៏ឆ្លៀតពេលបានជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ថ្នាក់ដឹកនាំ ខ.ភ.ម ផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឈានចូលឆ្នាំច សំរិទ្ធីស័ក ព.ស ២៥៦២ នាឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ផាន ស៊ុនធៀត បានជូនពរដល់នាយឧត្តមសេនីយ៍ មាស សុភា និងលោកស្រី ព្រមទាំងនាយ ពលទាហាន ក្នុងបញ្ជាការកងទ័ពជើងគោក មានសុខភាពល្អ សំណាងល្អគ្រប់ៗគ្នា៕