(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត៧០០គ្រួសារ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ទទួលអំណោយមនុស្សធម៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច ពីថ្នាក់ដឹកនាំខណ្ឌដង្កោ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក នុត ពុធដារ៉ា ​អភិបាលខណ្ឌដង្កោ និងមានការចូលរួមពី លោក ​ លាស់ សុខលឹម ចៅរងសង្កាត់ជើងឯក ព្រមទាំងមន្ដ្រីរាជការជាច្រើនរូបផ្សេងទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ចំពោះការលំបាករបស់បងប្អូន​នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានខណ្ឌដង្កោ។

លោកអភិបាលខណ្ឌ បានបន្តលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់​ប្រទេសជាតិក្រោមដំបូលសន្តិភាព ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ដ្រីនៃ​កម្ពុជា បានដឹកនាំប្រទេសជាតិចេញពី​សង្គ្រាម ឈានមករកការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

សូមជម្រាបថា កម្មវិធីចែកអំណោយ និងស្រង់ទឹកជូនចាស់ៗ​នាថ្ងៃនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឈានមកដល់នាពេលខាងមុខ។ អំណោយត្រូវបានចែកជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន​៦៧៥គ្រួសារ ក្នុងសង្កាត់ជើងឯក ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, មី​, ទឹកក្រូច និង​សារ៉ុង០១ ព្រមទាំងថវិកា​២ម៉ឺនរៀល៕