(ភ្នំពេញ)៖​ តំណាងអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេចឲ្យបុរសជនជាតិកូរ៉េម្នាក់ ឲ្យមាន​សេរីភាព​វិញ ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ព្រលានយន្តហោះ​អន្តរជាតិខេត្ត​សៀមរាប ពាក់​ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជាង​២៥​ម៉ឺន​ដុល្លារ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះថា ការសម្រេចយ៉ាងដូច្នេះ ​នៅ​ពេល​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​អយ្យការ​អម​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ។ ជនសង្ស័យ​ឈ្មោះ LEE JONG QUI ជនជាតិ​កូរ៉េ ជា​ពាណិជ្ជករ។

មន្ត្រី​តុលាការ​បានឲ្យដឹងថា មូល​ហេតុដែល​ព្រះរាជអាជ្ញា​ដោះលែង​លោក lee jong qui ឲ្យមាន​សេរីភាព​វិញ ​ដោយសារតែ​ដើមបណ្ដឹង​ពុំមាន​ឯកសារ​ណាមួយ ​ដែល​បញ្ជាក់ថា ​ជនសង្ស័យ​ឆបោក​ប្រាក់​ចំនួន​២៥ម៉ឺន​ដុល្លារ​នោះទេ គឺ​មានតែ​ពាក្យបណ្ដឹង ​និង​ការ​និយាយ​ផ្ទាល់មាត់​ប៉ុណ្ណោះ។ ចំណែក​ជនសង្ស័យ​បាន​បដិសេធ​ថា​ មិនបាន​ទទួល​ប្រាក់​ចំនួន​២៥​ម៉ឺន​ដុល្លារ ​ដូច​ការប្ដឹង​ទេ គឺ​មានតែ​ការសន្យា​ចូល​ហ៊ុន​គ្នា​រក​ស៊ីប៉ុណ្ណោះ ហើយក៏​មិនទាន់​ចូល​លុយ​គ្នា​នៅឡើយ។

យោងតាមប្រភពព័ត៌មាន ដែលដឹងសាច់រឿងច្បាស់ ប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា ការពិតដើមបណ្ដឹងជាអ្នក​ជំពាក់លុយជនជាតិកូរ៉េចំនួន៥ម៉ឺនដុល្លារ មិនមែនជនជាតិកូរ៉េជំពាក់នោះទេ ដោយផ្ដើមចេញពីការរកស៊ីចូលហ៊ុនគ្នា ប៉ុន្ដែស្រាប់តែដើមបណ្ដឹងបង្កើតរឿងទៅប្ដឹងជនជាតិកូរ៉េទៅវិញ។

សូម​បញ្ជាក់​ថា ​ការ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​នោះ ​សមត្ថកិច្ច​ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ នៅពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំមក​កាន់​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​សាកសួរ​រួមទាំង​មាន​ភាគី​ដើមបណ្តឹង និង មេធាវី​ការពារ​ក្តី​នៅ​ចំពោះមុខ​ទៀតផង តែត្រូវ​អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះក្រោយតំណាងអយ្យការអះអាងថា មិនមានឯកសារណាថាជនជាតិកូរ៉េបោកលុយនោះទេ៕