(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ​ងារ ចុះជួយ​ឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងថា សកម្មជនបក្ស CPP មកពីសាខាបក្សភូមិនានា របស់ឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្វែងរកការគាំទ្រ ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជាមួយប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់​និន្នាការ​អ្វីឡើយ ជំរុញឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ខណៈពេលបោះឆ្នោតជ្រើសរើតំណាងរាស្រ្តអណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជិតមកដល់ខាងមុខនេះ។

លោក សួស អង្គារ៍ បានលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីប្រជុំសំណេះសំណាល ដើម្បីពង្រឹងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្សមូលដ្ឋានឃុំទាំង២ នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ។

លោក សួស អង្គារ៍ បានឲ្យដឹងថា «ដើម្បីបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តឆ្នាំ២០១៨ នាពេលខាងមុខ យើងទាំងអស់គ្នា ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជាមួយប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់​និន្នាការ​អ្វីឡើយ និងជំរុញឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ពិសេសត្រូវបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អជាងមុន។

លោក សួស អង្គារ៍ បានបញ្ជាក់ថា សកម្មជនមក ពីសាខាបក្សភូមិក្នុងឃុំទាំង២ គឺជាសកម្មជនទាំងអស់ ត្រូវចុះធ្វើសកម្មភាព ការងារបក្ស​នៅតាម​ខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាល តាមរយៈការចុះចែកមូលនិធី តាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា និងការងារផ្សេងៗទៀត -ល-។

លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ពិសេសអស់លោកទាំងអស់គ្នា នៅមូលដ្ឋានផ្ទាល់ ត្រូវធ្វើយ៉ាងណាត្រូវ បម្រើសេវាសាធារណៈ ជូនពួកគាត់ ក្នុងករណីធម្មតា ក៏ដូចជា ករណីចាំបាច់ ត្រូវបម្រើជូនពួកគាត់ ឲ្យបានលឿន និងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់ បានផងកាន់តែប្រសើរ។

បន្ទាប់ពីបានសំណេះសំណាលចប់ គណៈអធិបតី បានឧត្ថមជនក្រីក្រ ចាស់ជរា ឥតទីពឹង ជាស្បៀង មានអង្ករ និងថវិកា នៅឃុំទាំង២ចំនួន៨នាក់ ដោយម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូ ក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា១៥ម៉ឺនរៀល និងសមាជិកសកម្មជនបក្ស ដែលមកប្រជុំក្នុងឃុំទាំង២ ទាំងអស់ចំនួន៨០នាក់ ម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល និងឧបត្ថម្ភ ដល់ក្រុមយុវជន ឃុំទាំង២ ក្នុង១ឃុំ ទទួលបាន៨០ម៉ឺនរៀល សម្រាប់ជប់លៀងបុណ្យចូលឆ្នាំខ្មែរ និងបានចុះត្រួតពិនិត្យ មើលទីស្នាក់ការបក្សឃុំអូរតាគីថ្មី ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលបានសាងសង់បាន៩៥ភាគរយហើយផងដែរ៕