(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ពិសេសការធ្វើដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ធ្វើយ៉ាងណាការពារឲ្យបាន កុំឲ្យសប្បាយក្លាយជាទុក្ខឲ្យសោះ។

ការអំពាវនាវបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា និងនិវត្ដន៍ជន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នាថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០១៨។

លោក អ៊ុន ចាន់ដា បានលើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំប្រពៃណីជាតិ និងចូលមកដល់ ដែលរយៈពេល នៃពិធីបុណ្យចូលឆ្នាំ៣ថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋ គាត់ធ្វើដំណើរកំសាន្តតាមរម្មណីយដ្ឋាននានា។ ដូច្នេះដើម្បីបញ្ជៀសបាន ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក បានធ្វើការជំរុញ ឲ្យអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ ត្រូវចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យគាត់មានការប្រុងប្រយ័ត្ន រាល់ការធ្វើដំណើរកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និយាយរួមគឺផ្សព្វផ្សាយ ឲ្យគាត់យល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោកនេះ។

អភិបាលខេត្តព្រះវិហារ បានបន្តទៀតថា «ខ្ញុំមិនចង់ឲ្យការសប្បាយ ក្លាយជាទុក្ខ ហើយក៏មិនចង់ឃើញគ្រួសារណាមួយ ជួបទុក្ខលំបាក ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយពិធីបុណ្យចូលឆ្នាំនេះដែរ។ ដែលករណីនេះ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ ដល់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការទាំងអស់ ដែលបានរៀបចំ កម្មវិធីសំណេះសំណាលនេះឡើង ដែលបង្ហាញឲ្យឃើញ ពីតបស្នងសងគុណដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជន នៃមន្ទីរសាធារណការខេត្ត។

លោក អ៊ុន ចាន់ដា បន្ដថា លើសពីនេះ គឺបានរៀបចំនូវការ ដូរអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំខេត្ត គ្រប់ៗរូប ជូនថវិកា និងភេសជ្ជៈ ដល់មន្ត្រីរាជការ និវត្តន៍ជនគ្រប់ៗគ្នា និងបានជប់លៀង ហូបបាយសាមគ្គី ជាមួយគ្នា ទទួលទេវតាឆ្នាំថ្មី ដោយក្តីសប្បាយរីករាយផងដែរ៕