(ភ្នំពេញ)៖ អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា លោក អឹម វុត្ថា បានបញ្ជាក់ថ្មីថា គុណភាពសេវាបណ្តាញទូរស័ព្ទចល័តនៅតែជាបញ្ហា ជាពិសេសនៅតាមតំបន់ឆ្ងាយៗពីទីប្រជុំជន ដោយសារតែក្រុមហ៊ុនដែលជាប្រតិបត្តិករផ្តល់សេវា មិនបានកែសម្រួល និងធ្វើឲ្យប្រសើរឡើង នៅតាមទីជនបទ។

សរសេរក្នុង Facebook ផ្លូវការរបស់និយ័តករទូរគមនាគមន៍កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យអង្គភាពនេះ បានលើកឡើងថា មកទល់បច្ចុប្បន្ននេះ គុណភាពសេវាបណ្តាញទូរស័ព្ទចល័ត នៅតែជាបញ្ហាចោទ និងមិនទាន់ឃើញបណ្តាប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តបានធ្វើការកែសម្រួល និងធ្វើឱ្យប្រសើរឡើងនៅឡើយ ជាពិសេសនៅតាមតំបន់ឆ្ងាយៗពីទីប្រជុំជន ក្រោយពីនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំរួចហើយ កាលពីឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ លោក អឹម វត្ថា បានទទូចស្នើសុំដល់បណ្តាប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដែលទទួលបានការអនុញ្ញាត និងអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬនិយ័តករទូរគមនាគមន៍កម្ពុជា ដែលកំពុងធ្វើពាណិជ្ជកិច្ច នៅក្នុងកម្ពុជា មេត្តាពិនិត្យឡើងវិញលើការពង្រឹងគុណភាពសេវារបស់ខ្លួន ជូនអ្នកប្រើប្រាស់ផង ទន្ទឹមនឹងគិតតែពីការប្រកួតប្រជែងគ្នា ទៅលើតម្លៃក្នុងបណ្តាញតែមួយនោះ (កម្មវិធីថែមលុយ)។

សូមជម្រាបជូនថា និយ័តករទូរគមនាគមន៍កម្ពុជា ធ្លាប់បានចេញសេចក្តីណែនាំមួយលេខ ០៣៤៤ ប.ក.ទ.ក. ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ គោលបំណងណែនាំដល់ប្រតិបត្តិករថា៖

១៖ ត្រូវរៀបចំកែសម្រួលប្រព័ន្ធ និងបណ្តាញផ្តល់សេវាទូរគមនាគមន៍របស់ខ្លួនឲ្យមានសមត្ថភាព បញ្ជូនឲ្យបានគ្រប់គ្រាន់ និងការផ្តល់តំបន់គ្របដណ្តប់សេវាឲ្យដល់គ្រប់ទី កន្លែងផ្តល់សេវា ទាំងក្នុងទីប្រជុំជន និងទាំងទីជនបទដាច់ស្រយាល ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

២៖ ត្រូវធ្វើការពង្រីកប្រព័ន្ធ និងបណ្តាញផ្តល់សេវាទូរគមនាគមន៍របស់ខ្លួន ស្របតាមបច្ចេកវិទ្យាដែលខ្លួនបានធានាអះអាង ជូនអ្នកប្រើប្រាស់ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនថា ខ្លួនកំពុងតែផ្តល់សេវាទូរគមនាគមន៍ តាមបច្ចេកវិទ្យា 2G/3G/4G-LTE និងតំបន់គ្របដណ្តប់សេវាឲ្យដល់ទីជនបទ ដាច់ស្រយាលនៅទូទាំងកម្ពុជា។

៣៖ ត្រូវពិនិត្យសិក្សាផលប៉ះពាល់បរិស្ថានពាក់ព័ន្ធ ស្របតាមច្បាប់ស្តីពីបរិស្ថានឲ្យបាន ម៉ឺងម៉ាត់បំផុត មុនពេលធ្វើការសាងសង់បរិក្ខារបណ្តាញទូរគមនាគមន៍ នៅតាមរាជធានី និងទីប្រជុំជន ដើម្បីចៀសវាងឲ្យផុតពីការផ្តល់ហានិភ័យបរិស្ថាន គ្រប់ប្រភេទដល់សុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

៤៖ ត្រូវគោរពតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិនានាចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការចូលរួមជាវិភាគទាន និងការអនុវត្តកម្មវិធីសេវាកាតព្វកិច្ចសកល (USO) និងកម្មវិធីនៃការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស (R&D)៕