(កោះកុង)៖ ដោយសារតែមានជំងឺរាំរ៉ៃ នៅជាប់និងខ្លួនជាច្រើនឆ្នាំ បុរសវ័យចំណាស់ម្នាក់ អាយុ៦៩ឆ្នាំ សម្រេចចិត្តធ្វើអត្ដឃាតខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០២៖៣០នាទី យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចលើដើមជំពូ មុខផ្ទះជនរងគ្រោះ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ច បានឲ្យដឹងថា បុរសដែលចង.ក ធ្វើអត្ដឃាតខ្លួនឯង ខាងលើនេះ មានឈ្មោះ អ៊ឹម ឡុម អាយុ៦៩ឆ្នាំ មានទីលំនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាអតីតមន្រ្តីប៉ូលីសខេត្ត។

តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះ បាននិយាយថា ប្តីគាត់មានជំងឺប្រចាំកាយ រាប់ឆ្នាំមកហើយ ហើយក៏ប៉ងធ្វើអត្ដឃាតខ្លួនឯង ៤ ៥ដងដែរ តែគាត់តាមទាន់រហូត ដល់យប់កើតហេតុ ពាក់កណ្តាលអាធ្រាត គាត់បានឡុងលក់ ប្តីគាត់បានចង់.ក ធ្វើអត្ដឃាតខ្លួនឯងបាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ផងដែរថា តាមមន្ដ្រីជំនាញ និងក្រុមគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ ទៅលើសាពសពឃើញថា ជនរងគ្រោះពិតជាចង់.ក ធ្វើអត្ដឃាតខ្លួនឯង ពិតប្រាកដមែន ហើយសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅបុណ្យទៅតាមប្រពៃណី៕