(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ សាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្ធកម្មវិធីទិវានិស្សិតលើកទី៥ ក្រោមអធិបតីភាព លោកបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ អន្តរជាតិ ។

លោកបណ្ឌិត នេត បារ៉ុម បានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងទំនាក់ទំនងរវាងនិស្សិត និងនិសិ្សត និស្សិតនិងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកនៃមហាគ្រួសារសាកលវិទ្យាល័យ អន្តរជាតិ ទាំងមូល និងដើម្បីអបអរស្វាគមន៍ដល់សង្រ្កានឆ្នាំថ្មី ឆ្នាំច សំរិទ្ធឹស័ក ព.ស២៥៦២ ដែលនឹងឈានចូលនាថ្ងៃទី១៤ ខែមេសាខាងមុខនេះ។

លោកបានបន្តថា កម្មវិធីនេះក៏បានរួមបញ្ចូលនៅកម្មវិធីរំលឹកគុណគ្រូ ដែលជាតំណាងឲ្យការដឹងគុណលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលបានខិតខំបណ្តុះបណ្តាលដល់ និសិ្សតដោយមិនគិតពីការនឿយហត់ និងការចំណាយពេលវេលា។
នៅក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងផលិតផលដែលជាស្នាដៃនិស្សិត និងក្រុមហ៊ុនមួយចំនួន ដែលមាន ស្តង់ប្រមាណ ២០ស្តង់ រចនាតាមបែបស្រុកស្រែ មើលទៅគួរជាទីទាក់ទាញ និងប្លែកភ្នែក ដែលមានផលិតផលចំរុះរួមមាន ផលិតផលកសិកម្ម អេឡិចត្រូនិច សុខាភិបាល ផលិតផលថែរក្សាសុខភាព និងមុខម្ហូបសំបូរបែបជាច្រើនថែមទៀតផង។

ជាមួយគ្នានេះ ក៏មានការចូលរួមការសម្តែងរបាំប្រពៃណីមានដូចជា របាំទ្រុត របាំគោះត្រឡោក របាំគោះអង្រែ ការសម្តែងក្បាច់គុណល្បុក្កតោ និងការលេងល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ វាយក្អម បោះអង្គុញ លាក់កន្សែងជាដើម ព្រមទាំងមានវត្តមានតារាចម្រៀងដ៏ល្បីល្បាញគឺ លោក ខាន់ ជែមស៍ បានអញ្ជើញចូលរួមផងដែរ ដែលធ្វើអោយកម្មវិធីទាំងមូលកាន់តែធ្វើមានភាពសប្បាយរីករាយជាមួយនឹងការរាំលេងកំសាន្តតាមចង្វាក់បែបប្រជាប្រិយខ្មែរ។