(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ណែនាំដល់មន្ទីរទេសចរណ៍ នៅតាមរាជធានី-ខេត្តទាំង២៥ និងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឲ្យបានទូលំទូលាយបំផុត ដើម្បីកៀរគរការចូលរួមឲ្យបានច្រើនកុះករពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខណៈរាជធានី-ខេត្តជាង១០ទៀត ក៏នឹងមានព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះផងដែរ។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន និងកម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដល់ប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត និងប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ លោក ជា បូរ៉ា បានណែនាំដូចខាងក្រោម៖

១៖ អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ផងដែរ ចំពោះគុណភាពសេវាកម្មរបស់ខ្លួន។ សេវាកម្ម ត្រូវតែល្អស្ថិតក្នុងកម្រិតស្តង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ»

២៖ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគិតគូរអំពីការផ្ដល់ឱកាសដល់បុគ្គលិករបស់ខ្លួន ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែម លើជំនាញដែលខ្លួនមានស្រាប់ ឱ្យស្របតាមការវិវត្តឥតឈប់ឈរ នូវនិន្នាការទេសចរណ៍តំបន់ និងពិភពលោក។ ក្រុមអាជីវកម្មទេសចរណ៍ ត្រូវមានប្រាក់លើកទឹកចិត្តសម្រាប់បុគ្គលិកដែលស្ម័គ្រចិត្តធ្វើការ នៅក្នុងពិធីបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ។

៣៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រានតាមគ្រប់មធ្យោបាយ ដូចជា ផ្សព្វផ្សាយនៅគ្រប់មណ្ឌលព័ត៌មានទាំងអស់ ផ្សព្វផ្សាយបន្តដល់សមាជិករបស់ខ្លួន និងចាក់ស្ប៉តផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នៅសណ្ឋាគារ និងផ្សព្វផ្សាយបន្តដល់ភ្ញៀវទេសចរ ដែលចូលស្នាក់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន។

៤៖ ចូលរួមត្បាញក្រមាជាអ្នកគាំទ្រជាអ្នកនាំសារ អ្នករួមចំណែក និងធ្វើជាទូតសុឆន្ទៈអំពាវនាវ និង លើកទឹកចិត្តឱ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់រៀបចំនាំមន្រ្តី និងប្រតិបត្តិករទេសចរណ៍តាមក្រុមតាមខេត្តរៀងៗខ្លួន ដើម្បីចូលរួមកម្មវិធីបំបែក ឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ស្របតាមទស្សនទាននៃស្មារតី «ជឿថាខ្មែរអាចធ្វើបាន»។

លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាប ក៏មានរាជធានី-ខេត្តជាង១០ទៀត នឹងប្រារព្ធកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នេះផងដែរ។ លោកថា នៅប្រទេសកូរ៉េខាងត្បូង ទីដែលមានពលករខ្មែរធ្វើការច្រើននាក់នោះ ក៏មានរៀបចំ «មហាសង្ក្រាន្តកូរ៉េ» ផងដែរ។

លោក សុខ សប្បាយណា បានបន្តថា ការរៀបចំអង្គរសង្ក្រាន្ដឆ្នាំថ្មីនេះឡើង គឺដើម្បីឲ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងជាតិសាសន៍​ដទៃ​ទៀត បានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា អភិរក្សា និងលើកតម្កើងព្រឹត្តិការណ៍នេះជារៀងរហូត ក៏ដើម្បីបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាព ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ ជាធ្លុងមួយ និងបណ្ដុះស្មារតី អភិរក្សា និងអភិវឌ្ឍអរិយធម៌ វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងត្រូវប្រារព្ធឡើងរយៈពេល៤ថ្ងៃ (១៤-១៦ ខែមេសា ឆ្នាំ២០១៨) ក្រោមប្រធានបទ «សាទរមរតកដូនតា» ដែលមានអត្ថន័យយ៉ាងជ្រាវជ្រៅ។ ក្នុងរយៈពេល៤ថ្ងៃ គេរំពឹងទុកថានឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាកម្សាន្តប្រមាណ ២លាននាក់ នាំមកនូវចំណូលចាក់ក្នុងសេដ្ឋកិច្ចជាតិ ២០០លានដុល្លារ៕