(កណ្ដាល)​៖ ​លោក​ គឹម​ រ័ត្ន​ណារិន​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ស៊ើបសួរ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​ឃុំ​ខ្លួន​កូន​ស្រី​ដែល​កាប់​សម្លាប់​ឪពុក​ព្រោះ​លុយ​៣០០០រៀល​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។

មន្ត្រី​តុលាការ​បានថ្លែង​ថា​ កូនស្រី​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ ​ទៅ​១៥ឆ្នាំ​។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម។ ជនរងគ្រោះឈ្មោះ ឯម រឿន អាយុ៦៦ឆ្នាំ (ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមហេតុ នៃការសម្រេចចិត្តទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញ ពេលដល់ផ្ទះក៏រាប់លុយហើយបាត់៣,០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញ នាងចាន់នី ក៏ស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិ៍រដ្ឋបាលល្វាឯម ទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្បែរខាង កំលាំងក៏ចុះដល់កន្លែងកើតហេតុ និងស្វែងរកចាប់បានជនសង្ស័យ រួចបញ្ជូនមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕