(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់យុវជនឱ្យខិតខំរក្សាស្ថិរភាពនយោបាយ ដើម្បីធានាបាននូវធនធានមនុស្ស និងអ្នកចេះដឹងឱ្យកាន់តែច្រើន ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍជាតិសង្គម និងជំរុញឱ្យយុវជនត្រូវខិតខំបង្កើនចំណេះដឹង របស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការងារទីផ្សារ ដែលកំពុងរីកចម្រើនសព្វថ្ងៃនេះ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត សុខ ទូច នៅក្នុងឱកាសលោកអញ្ជើញជា អធិបតីពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣២៤អង្គ/នាក់ នៅសាកលវិទ្យាល័យខេមរះ នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០១៨នេះ។ លោកបណ្ឌិត សុខ ទូច បានថ្លែងថា ចាប់តាំងពីមានសន្តិភាពឡើងវិញ ការកសាងវិស័យអប់រំ ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាបាននូវការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នអប់រំ ជាកត្តាដែលចាំបាច់ជាងគេបំផុតមួយ។

លោកបណ្ឌិត សុខ ទូត បានបន្តថា «យុវជន គឺជាស្នូលដ៏រឹងមាំសម្រាប់ការរីកចម្រើនប្រទេស តាមរយៈការចូលរួមការងារនានា ជាមួយស្ថាប័នជាតិ អន្តរជាតិ ប៉ុន្តែបើសិនយុវជនមិនរួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយទេ នោះធនធានមនុស្សនឹងបាត់បង់ដូចគ្នា»។

ប្រធានរាជបណ្ឌិតសភារូបនេះ បានសង្កត់ធ្ងន់ថា ការប្រមូលចំណេះដឹងនានា ជារឿងសំខាន់សម្រាប់យុវជន ព្រោះសង្គមមានភាពរីកចម្រើន និងការអភិវឌ្ឍទៅមុខបានដោយសារយុវជន ហើយប្រទេសជាតិក្លាយជាចលាចលក៏ដោយសារយុវជនផងដែរ។ លោកបានអំពាវនាវ ដល់យុវជនត្រូវតាមដានឱ្យជាប់នូវសភាពការណ៍កម្ពុជា ចៀសវៀងការបំផ្លើសអ្វីដែលមិនពិតរហូតបង្កការបំផ្លិចបំផ្លាញដល់ជាតិ។

លោកបណ្ឌិតបានបញ្ជាក់ថា ការអប់រំគឺជាធនធានបញ្ញា ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមការអនុវត្តគោល នយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ គួរកត់សំគាល់ដែរថា យុវជននៅលើពិភពលោកនា ពេលបច្ចុប្បន្ននេះ មានរហូតដល់១៨០០លាននាក់ ហើយដោយឡែកនៅកម្ពុជាវិញ មានរហូតដល់៦៣ភាគរយ សុទ្ធសឹង ជាយុវជនដែលពួកគេបាន រួមចំណែកដ៍សំខាន់សម្រាប់ការអភិវឌ្ឍសង្គម៕