(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ បានសម្តែងការអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការបណ្តោះអាសន្ន នូវមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ដោយមានកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា នៅព្រឹកមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឲ្យដំណើរការបណ្តោះអាសន្នហើយ នូវមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ដោយមានកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ដោយបានអនុញ្ញាតឲ្យពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដាខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ដោយមានកំពង់ផែចំនួន៦ទីតាំង ដំណើរការដោយកាណូតថ្មីចំនួន២គ្រឿង និងកាណូតមានស្រាប់ចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង ឥឡូវនេះបងប្អូនអាចធ្វើដំណើរតាមផ្លូវទឹកនេះបាន ជាពិសេសគឺបានរួមចំណែកបញ្ជៀសការកកស្ទះចរាចរណ៍តាមផ្លួវគោក ដែលកំពុងមានភាពមមាញឹកជារៀងរាល់ថ្ងៃនេះ៕