(សៀមរាប)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សណ្ឋាគារ បុរីអង្គរក្នុងខេត្តសៀមរាប បានរៀបចំតាំងពិព័រណ៍ ដើម្បីទទួលសិរីសួស្តី ទេវតាឆ្នាំថ្មី តាមទំនៀមទំលាប់បែបបុរាណ ពិតជាស្អាតអស្ចារ្យមែន។

ការរៀបចំតុបតែង ជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកម្ពស់ទំនៀមទំលាប់ប្រពៃណីខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនថែមទៀត មកដើរកំសាន្ដ នៅលើទឹកដីខេត្ដសៀមរាប ពិសេសមកទស្សនាប្រាង្គប្រាសាទដ៏ល្បីរបស់បុព្វបុរសខ្មែរយើង ។

តាមការឲ្យដឹងរបស់ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងរបស់សណ្ឋាគារបុរីអង្គរថា ឆ្នាំនេះមិនមែនជាឆ្នាំលើកទីមួយឡើយ ដែលសណ្ឋាគារបុរីអង្គរបានរៀបចំពិព័រណ៍ខ្នាតតូចមួយ នាបរិវេណខាងមុខសណ្ឋាគារ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយការរៀបចំតុបតែងបែបនេះតាំងពី ឆ្នាំ២០១៣ មកម្ល៉េះ។ ដោយឡែក ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ត្រូវនឹងឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ យើងនៅតែបន្តរក្សាការរៀបចំតុបតែង ដោយរចនារូបសុនកយក្ស ឲ្យស្របទៅតាមសត្វតំណាងឆ្នាំនីមួយៗនៃសត្វទាំង១២របស់ពិធីបុណ្យចូលឆ្នាំខ្មែរ។

ជាមួយនឹងអត្ថន័យពីក្រោយរចនាបថរបស់សត្វសុនកនេះ តំណាងរបស់បុរីអង្គរា បានឲ្យដឹងថា ការរចនារូបសុនកយក្សនេះ បានធ្វើការសិក្សាលំអិត និងទាញយកពីរចនាបថបុរាណខ្មែរសុទ្ធសាធ។ បើក្រឡេកមើលមួយភ្លែត រូបសុនកនេះមានទ្រង់ទ្រាយខុសពីសត្វសុនកធម្មតាបន្តិច ដោយបានសម្រិតសម្រាំងយកទម្រង់ក្រអូមមាត់ និងច្រមុះទៅតាមតាមរូបចម្លាក់សត្វតោ នៅប្រាង្គប្រាសាទអង្គរវត្ត។ ចិញ្ចើម ភ្នែក និងចង្កូម យកលំនាំទម្រង់ទៅតាមទេវតាឆ្នាំថ្មី ដែលមានពង្សជាយក្សស្រី សម្រាប់កន្ទុយ និងគ្រឿងបំពាក់រំពាត់ជុំវិញជើងទាំង៤ យកលំនាំតាមក្បាច់បុរាណអង្គរ។ គ្រឿងបំពាក់លើខ្លួន យកតាមលំនាំក្បាច់អង្គរ ក្នុងទម្រង់ក្បាច់ត្របកឈូក។ រីឯសុនក លើកជើងខាងមុខម្ខាង យកតាមលំនាំរាជសីហ៍បុរាណខ្មែរ និងទៅតាមស្លាកសញ្ញារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិដែលជាស្ថាប័នរបស់រដ្ឋជាន់ខ្ពស់មួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានរូបរាជសីហ៍ជាតំណាងផងដែរ។

ទាំងនេះគឺសុទ្ធសឹងតែជារចនាបថដែលបង្កប់នូវអត្ថន័យ និងភាពច្នៃប្រឌិតបែបខ្មែរ ដែលស្របទៅតាមវប្បធម៌ និងអរិយធម៌របស់ខ្មែរសុទ្ធសាធ។ វាមិនខុសពីឆ្នាំមុនៗឡើយ ដែលយើងបានរចនាឆ្នាំវកឲ្យស្រដៀងទៅនឹងហនុមាន និងឆ្នាំរកាស្រដៀងទៅនឹងហង្ស ដើម្បីលំអទ្រង់ទ្រាយរបស់សត្វតំណាងឆ្នាំនីមួយៗមានលក្ខណៈលេចធ្លោ អំណាច និងបង្កប់ទៅដោយអត្ថន័យទៅតាមវប្បធម៌ និងអរិយធម៌ខ្មែរ។

សម្រាប់ព័ត៌មានកម្មវិធីបញ្ចុះតម្លៃបន្ទប់ពិសេស សម្រាប់អតិថិជនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អង្គរសង្រ្កាន្តខាងមុខនេះ លោកអ្នកអាចទំនាក់ទំនងមកសណ្ឋាគារបុរីអង្គរតាមរយៈលេខ៖០១៥ ៤៣០ ២២២ ឬ ០១៥ ២៣៦ ២២២ ឬចូលទៅកាន់ https://goo.gl/nUo2qA និងតាមរយៈហេ្វសប៊ុករបស់ បុរីអង្គរ៖ https://www.facebook.com/boreiangkorresort