(ក្រចេះ)៖ មន្ទីរសុខាភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី០​៥ ខែមេសា​ ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការរបស់ ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព សរុបចំនួន១០រូប ក្រោមអធិបតីភាព​លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ។

លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាល​ខេត្តក្រចេះ បានឲ្យដឹងថា ការតែងតាំងមុខតំណែង មានចំនួន១០រូប គឺប្រធាន អនុប្រធានចំនួន៤រូប និង​ប្រធានមណ្ឌលសុខភាពចំនួន៦រូប៖ ​ទី១៖​លោក ទី​ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល​បុគ្គលិក, ទី២៖​លោក ថន តាំងលេង អនុប្រធាន​ការិយាល័យបច្ចេកទេស, ទី៣៖លោក គ្រូច សារាវុធ អនុប្រធាន​ការិយាល័យឱសថ, ទី៤៖​លោក ស្រី នាងស៊ី​ណែត អ​នុប្រធាន​ការិយាល័យឱសថ, ទី៥៖លោក លេង ច័ន្ទធី ប្រធានមណ្ឌលសុខភាព​ព្រែកប្រសព្វ, ទី៦៖លោក ជាង ចេតនា អនុប្រធាន​មណ្ឌលសុខភាពព្រែកប្រសព្វ, ទី៧៖កញ្ញា អេ លក្ខិណា អនុប្រធានមណ្ឌលសុខភាព​ពង្រ, ទី៨៖លោក ហេង សុខា អនុប្រធានមណ្ឌលសុខភាពដំរីផុង, ទី៩៖លោក ស្រី យ៉ឹកសុខណា ប្រធានមណ្ឌលសុខភាពកញ្ជរ និងទី១០៖លោក ស្រី សៅរចនា អនុប្រធានមណ្ឌលសុខភាពកញ្ជរ។

ក្នុងពិធីតែងតាំងមុខតំណែងដែរ លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ ​បានជម្រុញឲ្យ​មន្រ្តីមន្ទីរសុខាភិបាល ក៏ដូចជាបុគ្គលិកពេទ្យទាំងអស់ ត្រូវធ្វើការគោរពវិជ្ជាជីវៈ និងកុំ​រើសអើងចំពោះអ្នកជំងឺ​។ លោកបន្ដទៀតថា ធម្មតា​អ្នកជំងឺតែងតែមានអារម្មណ៍មិនល្អ និយាយស្ដី​មិន​ពិរោះ ហើយអ្នកជំងឺខ្លះមកពីជនបទ មិនសូវមានការយល់​ដឹង សូមលោកគ្រូ អ្នកគ្រូពេទ្យកុំប្រកាន់ និងពួកគាត់ត្រូវយកចិត្តទុកដាក់ក្នុងព្យាបាល។

​លោក ទី ប៊ុនឡេង ដែលត្រូវបានប្រកាសតែងតាំង មុខងារជាប្រធានការិយាល័យរដ្ឋបាល​បុគ្គលិក បានប្តេជ្ញាចិត្ត ខិតខំធ្វើការអនុវត្តការងារឲ្យបានល្អជូនអង្គភាព, សាម្គីភាពផ្ទៃក្នុងឲ្យបានល្អ, សហការទំនាក់ទំនង់ការងាឲ្យបានល្អ​ជាមួយអង្គភាព​ដែលពាក់ព័ន្ធ, ខិតខំធ្វើការអភិវឌ្ឍន៍អង្គភាពឲ្យកាន់តែរីកចម្រើន, ដោយស្រាយបញ្ហា​ឲ្យមានប្រសិទ្ធភាព មិនបក្ខពួកនិយម ដោយឈលើគោលការច្បាប់ជាចំបង និងខិតខំអនុវត្តឲ្យបានជាដាច់ខាត់ នូវរាល់ការងារដែលថ្នាក់លើប្រគល់ជូន៕