(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា, លោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០២ នៅទីបញ្ជាការវរសេនាតូចលេខ៤២២ បន្ទាយដើមប្រេងខ្យល់ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ពិធីចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ទី ណារិន ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា, អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមហ៊ុនជីបម៉ុង, លោកឧកញ៉ា កុក ទៀង អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប, លោក វ៉ាត ប៉ារ៉ានិន អភិបាលរងខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ឯក ភាជ ធា មេបញ្ជាការរងគណៈបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤, លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ទទួលការងារព្រំដែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះលោក កែវ រតនៈ បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​ស​ម្តេ​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់​សុខ​ទុក្ខ​របស់​កងកម្លាំង​នគរបាល និងយោធាដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ដល់ជីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ច​របស់កងម្លាំង​ ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពី​សំណាក់​អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួម​កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិ​ផងរបងជាមួយ បាន​ល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជាដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ​ក្នុ​ង​ការដឹកនាំ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​ជឿន​លឿន​ជាលំដាប់។

លោក កែវ រតនៈ បានបន្តថា កត្តាសំខាន់បំផុតមិនអាចខ្វះបានដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជនយើង​នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅ​ថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយជាបុព្វហេតុដើម្បីធានា ឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាព នៅលើផ្លូវ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ​ពិតប្រាកដ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលគណៈប្រតិភូ ក៏បានឧបត្ថម្ភសម្ភារគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់កងកម្លាំងទាំងពីរអង្គភាព ក្នុងនោះ អង្គភាពវរ៧០២ ទទួលបានមី ចំនួន៥០កេស, ត្រីខ១០កេស, ប៊ីចេង៣កេស, បារី៣០សុង, ត្រីងៀត៣០គីឡូក្រាម, សាច់ក្រក៣០គីឡូក្រាម, ប្រហុក៣០គីឡូក្រាម, ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន៦០ឡូ, ស្ករត្នោត៥០គីឡូក្រាម, កង់ចំនួន១៥ គ្រឿង និងថវិកាសម្រាប់កងកម្លាំងចំនួន ១៦២នាក់ ក្នុងម្នាក់ៗ ទទួលបាន១០០ដុល្លា និង៥០,០០០រៀល៕