(ភ្នំពេញ)៖ កាណូតដឹកអ្នកដំណើរពី ខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ នឹងដាក់ឲ្យដំណើរជាបណ្ដោះអាសន្ន នៅថ្ងៃស្អែកនេះ។ នេះបើយោងតាម Facebook Page ផ្លូវ​ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៨។

លោក ស៊ុន ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ថា កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ត្រូវដាក់ឲ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃស្អែកនេះ ដោយមានកំពង់ផែ៦ទីតាំង និងកាណូតចំនួន២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះក៏មានកាណូត​ចាស់ៗចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។

ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរ​ការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕