(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ១០ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជូនប្រជាពលរដ្ឋចំនួន ១៣៧ គ្រួសារ ស្មើនឹង ៦៨៥ នាក់ ដែលរស់នៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ព្រមទាំងបានផ្ដល់សារអប់រំសំខាន់ៗ ដល់ប្រជាពលរដ្ឋ ចំនួន ៨០នាក់ ដែលចូលរួមក្នុងពិធី សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវពិសារទឹកឆ្អិនជាប្រចាំ និងសូមចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង់យូអង្វែង។ បន្ថែមពីនេះទៀត សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។ ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។

ប្រជាពលរដ្ឋដែលទទួលផលមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១៕