(ភ្នំពេញ)៖ ជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡូក្រាម ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក ត្រូវកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់បាន ហើយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

​មន្ដ្រីនគរបាលដែលបានបញ្ជូនជនសង្ស័យរូបនេះមកតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំាំនៅតុលាការលោក ជួន សុជាតិ ថា ជនសង្ស័យឈ្មោះ ​MAXIME​ COLAS ជនជាតិ​បារាំង​ កាន់លិខិតឆ្លងដែនលេខ 13BE17572​។

គួររំលឹកថា កាលពីវេលាម៉ោង១០៖១៥នាទី ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ប្រៃសណីភ្នំពេញ សមត្ថកិច្ចបានពិនិត្យកញ្ចប់បញ្ញើរមិនប្រក្រតីមួយ ដែលផ្ញើរមកពីប្រទេសប៊ែលហ្ស៊ិក ហើបានធ្វើតេស្តបឋម​ឃើញថាជា ប្រភេទថ្នាំញៀន​អិចស្តាស៊ីMDMA​។

ក្រោយមក​ដោយបានការសម្របសម្រួល​ពី លោក​ សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារបាន​​ប្រគល់កញ្ចប់បញ្ញើរនោះ ទៅឲ្យអ្នកដែលមកទទួល គឺជនជាតិបារាំងឈ្មោះ MAXIME COLAS ដោយរឹបអូសសារធាតុញៀនប្រភេទអេចស្តាស៊ី «MDMA» គ្រាប់ពណ៌លឿងខ្ចី និងបៃតង និងបានឃាត់ខ្លួនបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីធ្វើការសាកសួរបន្ដ ហើយបានបញ្ជូនទៅតុលាការនៅព្រឹកនេះតែម្ដង៕