(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ នៅរសៀលថ្ងៃទី​០៣ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ ​បានបញ្ជូនខ្លួនបុរសជាប្តី ដែលវាយប្រពន្ធបណ្តាលឲ្យខៀវភ្នែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អធិការរងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមលោក ម៉េង វិមានតារា ជនសង្ស័យឈ្មោះ សរ ចន្ធីរិទ្ធ​ អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកថា ជនសង្ស័យត្រូវបានចាប់ខ្លួន ពីបទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ (ទំនាស់ប្តីវាយប្រពន្ធបណ្តាលឲ្យរបួសហើមជាំភ្នែក) កាល​ពី​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង​០០ម៉​១០នាទីរំលងអាធ្រាត្រ នៅចំណុចក្នុងផ្ទះលេខ៦៣បេ ផ្លូវ ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជនគ្រោះជាប្រពន្ធឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ​ស្នាក់នៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានរបួសហើមជាំភ្នែកខាងឆ្វេង)៕