(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានប្រាប់ទៅកងទ័ព ឲ្យពង្រឹងស្មារតី ជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញពីការបោះឆ្នោត ជាពិសេស​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត ព្រមទាំងក្រុមប្រឆាំងមានឱកាស ផ្តួលរំលំរាជរដ្ឋាភិបាល​តាមមធ្យោបាយ​ណាមួយ​បានជាដាច់ខាត។

នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោកស្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារការិយាល័យទី៤ កងពលតូចទ័ព ពិសេស ឆ័ត្រយោង៩១១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ​នៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់អង្គពិធីទាំងមូលផងដែរ។ លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយគោរពតាមទៅតាម អភិក្រមទាំង៤ដែលជាសសរស្តម្ភគឺ មនុស្ស ផ្លូវ ទឹក ភ្លើង។

លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលមានលោកស្រី ស៊ុយ សុផាន ជាប្រធាន និងលោក តាំង គឹមថុង ​ដែល​បានចូលរួមបរិច្ចាគ​ធន​ធាន​មានទាំង​សម្ភារ និង​ថវិកា​ជាច្រើន ដើម្បី​រួមចំណែកជួយ​គាំទ្រ​ និង​លើក​ទឹកចិត្ដដល់កង​កម្លាំង​​​ប្រដាប់​​​​អាវុធ ដ៏​​អង់​​អាច​​ក្លាហាន ជាពិសេសកងពលតូចទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ដែលមានឧត្តមសេនីយឯក ចាប ភក្តី ជា​មេបញ្ជាការឱ្យ​បំពេញ​ភារកិច្ច​ដ៏​​ឧត្តុង្គ​ឧត្តម​​ការពារ​បូរណភាពទឹក​ដី និង​កាន់តែ​មាន​​កម្លាំងចិត្ត និង​ភាពកក់ក្ដៅ​ថែម​ទៀត។

លោកស្រីក៏បានផ្តាំផ្ញើរជូនអង្គភាព កងពល​តូចទ័ព​​ពិសេស​​ឆ័ត្រ​យោង​៩១១ដូចតទៅ៖

*ទី១៖ ត្រូវចូលរួមថែរក្សាខឿនការពារជាតិឲ្យបាន រឹងមាំ ដល់កិច្ចការពារ​បូរណភាព​ទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃ​សង្គម​ជាតិ តាមរយៈការចូលរួម ការបង្កើននូវភាពជិតស្និទ្ធ និងបានដឹង​សុខ​ទុក្ខគ្នា​ទៅ​វិញ​ទៅមករវាង រាជរដ្ឋាភិបាល វិស័យឯកជន និង​វរៈសេនា​តូច​ឈរជើង
*ទី២៖ សូមពង្រឹងស្មារតីជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកល​ ជាពិសេស​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាស ផ្តួលរំលំ រាជរដ្ឋាភិបាល​តាមមធ្យោបាយ​ណាមួយ​បានជាដាច់ខាត
*ទី៣៖ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិ មាតុភូមិ ហ៊ាន​ធ្វើ​ពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង​ប្រជាជន និង​ចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នា ជាធ្លុងមួយ
*ទី៤៖ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយ ចំអាម តែមិនត្រូវឈ្លានពាន​ប្រទេសជិតខាង​ឡើយ និង​ត្រូវបង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ
*ទី៥៖ សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជា​ប្រចាំ និងប្រកាន់​ខ្ជាប់​នូវ​វិន័យ របស់​​កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស​ថ្លៃថ្នូ សក្តិសម​ជា​កង​ទ័ព​ជាតិបំរើប្រជាជន៕