(ហាណូយ,វៀតណាម)៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao បានសម្ដែងនូវការអបអរសាទរ ចំពោះប្រទេសជាសមាជិកទាំងប្រាំមួយ ក្នុងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គ ក្នុងឱកាសខួប ២៥ ឆ្នាំនៃកិច្ច-សហប្រតិបត្តិការថ្នាក់តំបន់ ប្រកបដោយជោគជ័យ។

លោកបានគូសបញ្ជាក់សាជាថ្មីពីការបន្តផ្ដល់ការគាំទ្ររបស់ ADB ដល់កម្មវិធីនេះ ក្នុងថវិកា៧ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំទៀត ដើម្បីជួយឱ្យអនុ-តំបន់នេះសម្រេចនូវកំណើនបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសានេះ។

ក្នុងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំកំពូលធុរកិច្ចនៅមហាអនុតំបន់ទន្លេមេគង្គ លោក Nakao បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ប្រទេស GMS ទាំងអស់ ចំពោះសមិទ្ធផលសម្រេចបានពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ»។

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានបញ្ជាក់ថា កម្មវិធី GMS បានគាំទ្រដល់គម្រោងជាច្រើន ដែលមានតម្លៃស្មើនឹង២១ពាន់លានដុល្លារ ចាប់តាំងពីកម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២មក ក្នុងវិស័យផ្សេងៗ ដូចជា គមនាគមន៍ ទេសចរណ៍ សុខាភិបាល ការអភិវឌ្ឍទីក្រុង បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងថាមពល។ ថវិកាប្រមាណ ៤០% នៃហិរញ្ញប្បទានសម្រាប់គម្រោងទាំងនេះ មានប្រភពពី ADB ២៥% ពីរដ្ឋាភិបាលក្នុងប្រទេសជាសមាជិក GMS និងថវិកាដែលនៅសល់ផ្សេងទៀត បានពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី។ កម្មវិធីដែលអនុវត្តក្នុងប្រទេស GMS នីមួយៗ ត្រូវបានរៀបចំឡើងឱ្យស្របទៅតាមបរិបទពិសេសរបស់ប្រទេសនោះ៕