(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សប្រមាណ១៥៥នាក់បានស្លាប់ និងរងរបួសចំនួន៤២៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន​២៦២នាក់ និងរបួសស្រាលចំនួន១៦៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពេញ១ខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ខែមីនានេះ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន២៦២លើក និងបណ្ដាល​​ខូតខាតម៉ូតូចំនួន២៥៣គ្រឿង, រថយន្ដធុនតូចចំនួន១៣១គ្រឿង, រថយន្ដធុនធំ៦៧គ្រឿង, យានផ្សេងៗ៣៨គ្រឿង និងអ្នកថ្មើជើង​២៥នាក់ ហើយ​មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿនចំនួន១០៣លើក, ស្រវឹងចំនួន១១លើក, ប្រជែងចំនួន​៣១លើក, មិនប្រកាន់ស្ដាំចំនួន៣៨លើក, មិនគោរពសិទ្ធិចំនួន៤១លើក, បត់គ្រោះថ្នាក់ចំនួន២៣លើក, កត្តាយានយន្ដចំនួន១៣លើក និងងងុយដេកចំនួន២លើក។

ក្នុងនោះរាជធានី-ខេត្ត ដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ កើតឡើងចំនួន៣៨លើក, ខេត្តកំពង់ធំ ​កើតឡើងចំនួន១៧លើក, ខេត្តកណ្ដាល កើតឡើងចំនួន១៣លើក, ខេត្តព្រះសីហនុ កើតឡើងចំនួន២១លើក, ខេត្តស្វាយរៀង កើតឡើងចំនួន១៣លើក, ខេត្តពោធិ៍សាត់ កើតឡើងចំនួន៨លើក, ខេត្តបន្ទាយមានជ័យ កើតឡើងចំនួន១៥លើក, ខេត្តកំពង់ចាម កើតឡើងចំនួន៨លើក, ខេត្តកំពត កើតឡើងចំនួន១៦លើក និងខេត្តក្រចេះ កើតឡើងចំនួន២០លើក៕