(តាកែវ)៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានថ្លែងថា សន្តិភាព និងការរីកចម្រើនគួរឲ្យកត់សម្គាល់របស់កម្ពុជាសព្វថ្ងៃ គឺបានពីការបន្តគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ។

លោក សុខ សូកាន បានថ្លែងបែបនេះ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយចាស់ជរាចំនួន ៥៥១នាក់ និងការប្រកាសបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែង៤គីឡូម៉ែត្រ ពីភូមិដោមមកភូមិស្លា ស្ថិតក្នុងឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

អ្នកតំណាងរាស្រ្តមណ្ឌលតាកែវរូបនេះ បានរំឭកថា កម្ពុជាអាចឈានមកដល់ចំណុចនេះ គឺមិនមែនជារឿងសាមញ្ញពេកនោះទេ។ បន្ទាប់ពីបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្នាក់ដឹកនាំកម្ពុជាបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ។

លោកបានថ្លែងបន្តថា ស្រុកគិរីវង់ នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង ពិសេសក្នុងដំណាក់កាលនៃការដឹកនាំ និងការចង្អុលបង្ហាញរបស់សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ ទទួលបានសមិទ្ធផលធំៗជាច្រើន ដូចជាស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀនជាដើម។

លោកបានបន្តទៀតថា ឈរលើមូលដ្ឋានសន្តិភាពពេញលេញ និងការរីកចម្រើននៃសេដ្ឋកិច្ចជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ រីឯមន្ត្រីរាជការ កម្មករ-កម្មការិនីកំពុងទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន មានកន្លែងធ្វើការងារល្អ មានប្រាក់ខែសមរម្យ មានប្រាក់សោធនិវត្តន៍ មានប្រព័ន្ធគាំពាសង្គម ដូចជា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងបេឡាជាតិរបបសន្តិសុខសង្គម។ ជាក់ស្តែង នៅឆ្នាំ២០១៨នេះ ប្រាក់ខែអប្បបរមារបស់កម្មករ បានឡើងដល់១៧០ដុល្លារក្នុងមួយខែ ចំណែកប្រាក់បៀវត្សរបស់មន្ត្រីរាជការទទួលបានយ៉ាងតិច ១លានរៀល។

លោក សុខ សូកាន បានបន្ថែមថា ប្រាក់ខែមន្រ្តីរាជការ កម្មករ-កម្មការនីអាចមានលទ្ធភាពច្រើនជាងមុន ដើម្បីតបស្នងចំពោះលោកតាលោកយាយវិញ ដោយជួយទំនុកបម្រុង និងជួយជ្រោមជ្រែងជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត និងបានដាក់ចេញនូវគោលនយោបាយជាតិសំខាន់ៗជាច្រើន ក្នុងនោះគោលនយោបាយជាតិស្តីពី មនុស្សចាស់ ២០១៧-២០៣០ មានចក្ខុវិស័យក្នុងការបន្តលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យមនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្មើគ្នា។
អ្នកតំណាងរាស្រ្តបានសំណូមពរដល់លោកតា លោកយាយឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចម្រើនដែលកំពុងកើតមានសព្វថ្ងៃ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយ។

លោក សុខ សូកាន រួមជាមួយក្រុមការងារឃុំតាអូរ ក៏បានផ្តល់-ប្រគេននូវថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់លោកយាយលោកតា វត្តអារាម និងរដ្ឋបាលឃុំ ក្នុងស្រុកគិរីវង់ផងដែរ៕