(ភ្នំពេញ)៖ ការសួរចម្លើយរបស់តុលាការ ចំពោះជនសង្ស័យ៥នាក់ ក្នុងនោះមានស្នងការរងខេត្តតាកែវម្នាក់ ត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលពាក់ព័ន្ធករណីឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវនោះ បានបញ្ចប់ហើយ នៅម៉ោងប្រមាណ ០៥៖៤០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ហើយតុលាការបានបញ្ជូនជនសង្ស័យទាំង៥នាក់ ទៅរក្សាទុកនៅក្រសួងមហាផ្ទៃសិន ដោយរង់ចាំបន្តនីតិវិធីសាកសួរបន្តទៀតនៅថ្ងៃស្អែក។

យោងតាមរបាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន​ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ​ គឺ​របាយការណ៍​បាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច។

ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំជុំវិញករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យ មួយចំនួន។ ក្រោយសាកសួរនេះ ក្រសួងមហាផ្ទៃ ក៏បានបញ្ជូនពួកគេមកកាន់សាលាដំបូងរាជធានីភ្នំពេញតែម្តង។

តែយ៉ាងណាបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការជជីកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺថា គឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។

ដំណើរការសួរនាំ ទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។

សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕