(វៀតណាម)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម(CLV)លើកទី១០ មួយទៀតដើម្បីពិភាក្សាអំពីការអភិវឌ្បតំបន់ត្រីកោណ ជាមួយនឹងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម។

នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន មេដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានឈានទៅចេញសេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០ស្តីពីការអភិវឌ្បតំបនត្រីកោណ។ មេដឹកនាំនៃប្រទេសទាំងបី CLV បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង ដែលប្រទេស CLV បានក្លាយជាប្រទេសដែលមានរីកចម្រើនលឿនបំផុតនៅក្នុងអនុតំបន់ និងសមិទ្ធផលដ៏សំខាន់ដែលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប៉ុន្តែទោះបីយ៉ាងណា ប្រទេសទាំងបីនៅតែប្រឈម នឹងបញ្ហាគួរឲ្យកត់សម្គាល់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងបរិយាបន្ន ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំ CLV ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ នៃការតភ្ជាប់ក្នុងចំណោមប្រទេស CLV ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និង ប្រសិទ្ធិភាព នៅក្នុងខ្សែសង្វាក់តំបន់ និងសាកលលោក ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ មេដឹកនាំ CLV បានអះអាងរួមគ្នា នូវការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងបី និងកសាងសមាហរណកម្ម ក្នុងប្រទេស CLV ប្រកបដោយចិរភាពនិងវិបុលភាព ដែលជាផ្នែកមួយមិនអាចខ្វះបាន ក្នុងចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា នឹងគោលនយោបាយជាតិដែលសមស្រប។ ដើម្បីសម្រេចបានចក្ខុវិស័យនោះ មេដឹកនាំ CLV បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្តតាមព្រំដែននៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងចំនោមប្រទេស CLV ទៅនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។

ជាមួយគ្នានេះ មេដឹកនាំនៃប្រទេស CLV បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលចម្រុះ CLV (JCC) ក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៃតំបន់ CLV DTA សម្រាប់ឆ្នាំ 2010-2020 ក៏ដូច ជាការសម្រេចចិត្តផ្សេងទៀត(KH-Guidance) ដែលបានសំរេចបានមុនពេលកិច្ចប្រជុំកំពូល CLV កន្លងមក។ ការខិតខំប្រឹងប្រែងទាំងនេះ បានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន ដល់ជីវភាពប្រជាជននិងកំរិតអភិវឌ្ឍន៍ក្នុងតំបន់ CLV DTA។

មេដឹកនាំនៃប្រទេស CLV បានលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានិងស្ថាប័នរដ្ឋាភិបាល ក៏ដូចជាសកម្មភាពដែលជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងធុរៈជន នៃប្រទេសទាំងបី។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានស្វាគមន៍ចំពោះលទ្ធផលសន្និសីទលើកទី6 នៃគណៈកម្មការ អន្តរសភាកម្ពុជា-ឡាវ-វៀតណាម ស្ដីពី"ការពង្រឹងការត្រួតពិនិត្យរបស់អង្គការនីតិប្បញ្ញត្តិ លើការផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 1 ដល់ថ្ងៃទី 4 ខែសីហាឆ្នាំ 2017 នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ និងលទ្ធផលកិច្ចប្រជុំ JCC CLV លើកទី 11 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 17 ដល់19 ខែធ្នូឆ្នាំ 2017 នៅខេត្តប៊ីញហ្វឿក ប្រទេសវៀតណាម។ មេដឹកនាំទាំងអស់ ក៏បានបញ្ជាក់ឡើងវិញ នូវសារៈសំខាន់ នៃការធានាសន្តិសុខសុវត្ថិភាពនិងស្ថេរភាពបរិស្ថានសម្រាប់វិនិយោគិន ធុរជន និងប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរខុសច្បាប់ រួមទាំងការជួញដូរព្រៃឈើ គ្រឿងញៀននិងមនុស្សនិងអំពើភេវកម្ម បន្តការបោសសម្អាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ មេដឹកនាំ CLV ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថាប័នពាក់ព័ន្ធនៃប្រទេស CLV ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងចែករំលែកព័ត៌មានរួមគ្នា ដោយបានស្នើសុំឲ្យមានការតភ្ជាប់ខ្សែទូរស័ព្ទ Hotline សម្រាប់ដំណោះស្រាយការងារបន្ទាន់ ឲ្យប្រសើរឡើងជាពិសេសនៅថ្នាក់តំបន់។ មេដឹកនាំទាំងអស់ បានប្ដេជ្ញាធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការរៀបចំពិសេស និងគោលនយោបាយអនុគ្រោះ និងកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានកត់សម្គាល់នូវលទ្ធភាពពី «របាយការណ៍សិក្សា ស្ដីពីផែនការអភិវឌ្ឍនៃឧស្សាហកម្មកៅស៊ូCLV» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម។ តាមរយៈការជំរុញឲ្យក្រសួងទាំងបី បញ្ចប់របាយការណ៍សិក្សានេះ និងដាក់ជូនកិច្ចប្រជុំកំពូល CLV DTA លើកទី១១ សម្រាប់ធ្វើការពិចារណា។ មេដឹកនាំទាំងបី ក៏បានប្ដេជ្ញាឡើងវិញ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងបី ជាពិសេសតាមរយៈការបណ្ដុះបណ្ដាល ឬការផ្លាស់ប្ដូរព័ត៌មាន ចំណេះដឹងនិងបទពិសោធន៍ ក្នុងការគ្រប់គ្រង និងការបង្ការជំងឺ ជាពិសេសនៅក្នុងស្ថានភាព នៃការផ្ទុះរាតត្បាតនៃជំងឺឆ្លង ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងប្រសិទ្ធភាព រួមមាន ធនធានទឹក សត្វព្រៃ និងព្រៃឈើ។ ជំរុញឲ្យមានការទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងបី តាមរយៈការផ្ដល់សញ្ញាជាមុនអោយបានទាន់ពេលវេលានិងប្រព័ន្ធចែករំលែកព័ត៌មានស្ដីពីទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះធម្មជាតិនិងការបំពុលបរិស្ថានឆ្លងកាត់ព្រំដែន។ មេដឹកនាំនៃប្រទេស CLV ក៏បានសំដែងនូវការកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ CLV DTA ពិសេសធ្វើការរួមគ្នាកាន់តែជិតស្និទ្ធជា មួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក្នុងការអភិវឌ្ឍ និងអនុវត្តកម្មវិធីនិងគម្រោងនានា ដើម្បីគាំទ្រដល់ការ អនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាមរហូតដល់ឆ្នាំ ២០៣០។

មេដឹកនាំទាំងអស់ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគេហទំព័រ CLV ក្នុងការផ្ដល់ព័ត៌មានជាក់លាក់ និងពត៌មានចុងក្រោយ (Update Information) ដល់ធុរកិច្ចជន និងវិនិយោគិន អំពីសក្ដានុពល គោលនយោបាយអនុគ្រោះតំបន់CLV DTA និងស្នើឲ្យគណៈកម្មាធិការសម្របសម្រួលរួម ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យបានទៀងទាត់លើគេហទំព័ររបស់ CLV ។

ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម បានថ្លែងគុណចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១១ នៅឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ប្រមុខមេដឹកនាំនៃប្រទេសទាំងបី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕