(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានជំរុញឱ្យ យុវជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តរបស់លោក ខិតខំសិក្សារៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍសង្គម ហើយមិនត្រូវចូលរួមចលនាណាមួយ ដែលនាំឱ្យមានការបដិវត្តបំផ្លាញជាតិនោះឡើយ។

ការលើកឡើង របស់អភិបាលរងរូបនេះ បានធ្វើឡើង ទៅកាន់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ប្រមាណជិត១ពាន់នាក់ ក្នុងឱកាសដែលលោកអញ្ជើញចុះសំណេះសំណាល និងចែកសំភារៈសិក្សាដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតប្រមាណ១០០នាក់ ក្នុងវិទ្យាល័យអូររាំងឪ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា ក្នុងនាមក្មួយៗជាយុវជនជំនាន់ក្រោយ ក្នុងនាមជាទំពាំងស្នងឫស្សី យើងត្រូវតែគិតនៅក្នុងគតិរបស់យើងម្នាក់ៗថា តើមានបានជួយអ្វីខ្លះក្នុងសង្គមជាតិ ដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិ ប៉ុន្តែមិនមែនសង្គមជាតិជួយយើងទេ បានន័យថា បើសង្គមជួយយើង នោះគឺយើងធ្លាក់ក្នុងអបាយមុខណាមួយហើយ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិ ធ្វើឱ្យមានស្ថិរភាពនយោបាយ ជាពិសេសត្រូវចៀសឱ្យឆ្ងាយ និងនិយាយថាទេ ចំពោះបដិវត្តន៍ពណ៍ ដែលនាំឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាម ដូចទៅនឹងអតីតកាលជាង៣៩ឆ្នាំមុន ។

លោកអភិបាលរងខេត្ត បានរំលឹកថា កាលពីឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត បានសម្លាប់អ្នកចេះដឹងស្ទើរតែអស់ពីកម្ពុជា។ ក្នុងអំឡុងឆ្នាំ ១៩៨០ អង្គការក្រៅរដ្ឋាភិបាលជាច្រើនចូលមក ទាំងប្រធានអង្គការ និងសមាជិក សុទ្ធសឹងជនបរទេស ដោយសារខ្វះធនធានមនុស្ស ប៉ុន្តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងការជំរុញពីសម្តេចតេជោ ហ៊ុន សែន រហូតដល់ឆ្នាំ១៩៩០ មានការកើនឡើងជាលំដាប់ បន្តមកដល់បច្ចុប្បន្ននេះ ធនធានមនុស្សយើងមានគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ សម្រាប់ចូលរួមប្រកួតប្រជែងជាមួយអាស៊ាន និងលើឆាកអន្តរជាតិ ដែលទាំងនេះ គឺសុទ្ធសឹងទទួលការបង្ហាត់បង្រៀន តម្រង់ទិស ពីលោកគ្រូអ្នកគ្រូ ដែលជាឳពុកម្តាយទី២ របស់យើងទាំងអស់គ្នា។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកគ្រូអ្នកគ្រូ ដែលខិតខំយកបញ្ញា ស្មារតី ចំណេះដឹង បទពិសោធន៍ ក្នុងការបង្រៀនបង្ហាត់បង្ហាញ ប្រកបដោយឆន្ទៈដ៏មុះម៉ុត ដែលជាការរួមចំណែកយ៉ាងធំ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ៕