(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅចំពោះមុខ មេដឹកនាំប្រទេសនានា និងវិនិយោគិនជាច្រើន កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ថា កម្ពុជាបានអនុវត្តនូវទម្រង់សេដ្ឋកិច្ច ចំនួន៣ចំណុច ដែលនាំមកនូវកំណើន និងស្ថិរភាព រហូតដល់ពេលនេះ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ (6th GMS SUMMIT)​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់អ្នកសម្របសម្រួលកិច្ចប្រជុំនេះ ចង់ឱ្យសម្តេចចេករំលែកបទពិសោធន៍ និងចំណេះដឹង អំពីការដឹកនាំកម្ពុជា រហូតដល់មានកំណើនសេដ្ឋកិច្ច៧ភាគរយរៀងរាល់ឆ្នាំ។

មុននឹងឆ្លើយទៅនឹងសំណួរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ដើម្បីឱ្យប្រទេសមានស្ថិរភាពនៃកំណើនសេដ្ឋកិច្ចបានលុះត្រាតែរក្សាបាននូវសន្តិភាពជាមុនសិន។ សម្តេចបានបញ្ជាក់ទៀតថា មិនមែនតែកម្ពុជាទេ ប្រទេសណាក៏ត្រូវតែខិតខំថែរក្សាការពារសន្តិភាពដែរ។ នេះជាលក្ខខណ្ឌចាំបាច់ សម្រាប់ប្រទេសនានាលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់កម្ពុជាក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ការពង្រឹងសេដ្ឋកិច្ច គឺឆ្លងកាត់នូវការបត់បែប និងអនុវត្តទម្រង់ចំនួន៣ចំណុច ក្នុងរួមមានដូចជា៖

១៖ ការអនុវត្តសេដ្ឋកិច្ចផែនការ បន្ទាប់ពីប្រទេសកម្ពុជាងើបចេញពីសង្រ្គាមភ្លាមៗ ដែលពេលនោះ ប្រជាជនមានតែបាតដៃទទេប៉ុណ្ណោះ។

ទី២៖ ការធ្វើកំណែទម្រង់ដោយអនុវត្តសេដ្ឋកិច្ចផែនការផង និងលាយឡំនឹងសេដ្ឋកិច្ចទីផ្សារសេរី ដែលដំណាក់កាលនេះ គឺកម្ពុជាមិនអាចហក់ទៅកាន់ទីផ្សារសេរីបានភ្លាមនោះទេ។

ទី៣៖ ការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ដែលនាំឱ្យកម្ពុជាបានចូលរួមនៅក្នុងអង្គការពាណិជកម្មពិភពលោក និងមានទំនាក់ទំនងពាណិជ្ជកម្មជាបន្តបន្ទាប់

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ទោះជាមានឥរិយាបទប្រុងប្រយ័ត្ន ពីសំណាក់វិនិយោគិនមួយចំនួន ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ក៏វិស័យឧស្សាហកម្មនឹង មានសន្ទុះខ្លាំងជាងគេ ដោយរក្សាកំណើនរឹងមាំ ក្នុងអត្រាប្រចាំឆ្នាំរង្វង់១០% ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ និងការបន្តកំណើន នៃវិស័យកាត់ដេរ ស្របនឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាល មិនមែនកាត់ដេរសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ក្នុងរង្វង់៧% ក្នុងមួយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ផងដែរ៕