(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសជំហរចូលរួមនៅក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលថា ជោគវាសនារបស់គណបក្សរាជានិយមមួួនេះ គឺពឹកផ្អែកលើប្រជារាស្រ្តតែមួយគត់។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលបែបនេះ ទៅកាន់សមាជិក-សមាជិកា និងអ្នកគាំទ្រ ជាង១៥០០នាក់ ដែលបានជួបសំណេះសំណាលជាមួយព្រះអង្គ នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទួលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សរាជានិយមសីហនុនិយមនឹងដើរតាមរាជតម្រិះរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជានិច្ចប្រសិនបើប្រជាពលរដ្ឋណាស្រលាញ់របបរាជានិយម និងសីហនុនិយម គប្បីបោះឆ្នោតជូន គណបក្សហ៊្វុនស៊ិនប៉ិច។

គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សរាជានិយម ដែលមានអាយុកាលចំណាស់ជាងគេ និងធ្លាប់បានឈ្នះ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តជាលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។ ប៉ុន្តែក្រោយមក គណបក្សនេះបានចុះខ្សោយ និងបែកបាក់គ្នាជាបន្តបន្ទាប់ រហូតដល់មិនទទួលបានអាសនៈទាល់តែសោះ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅនេះ។

កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ និងដកសិទ្ធិធ្វើនយោបាយចំពោះថ្នាក់ដឹកនាំបក្សនេះ ១១៨រូប ដែលក្នុងនោះមានតំណាងរាស្រ្ត៥៥រូបដែរនោះ អាសនៈចំនួន៥៥របស់ អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានច្បាប់បែងចែកទៅឱ្យគណបក្សហ៊្វុនស៊ិនប៉ិចច្រើនជាងគេរហូតដល់ ចំនួន៤១។ ក្រៅពីនោះ គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ និងគណបក្សប្រជាជនកម្ពុជាក៏ទទួលបាន១១អាសនៈពីការបែងចែកផងដែរ៕