(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ លោករដ្ឋមន្រ្តីបន្ថែមថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច ។

លោក វង សូត បានថ្លែងបែបនេះ ខណៈលោក បានចូលរយមនៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារ ចំនួន១៦៨នាក់ មកពី១០ភូមិ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានការអញ្ចើញចូលរួមពីលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ប្រតិភូអមដំណើរ ប្រជាពលរដ្ឋ និងប្រជាការពារភូមិសរុបប្រមាណជាង៣០០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

លោករដ្ឋមន្រ្តី បានបន្តថា ដោយមានការគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើអោយប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើអោយភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ។

លោក វង សូត បានបញ្ជាក់ថា សន្តិភាពនេះ រកបានមកដោយលំបាក ក្រោមការតស៊ូប្តូផ្តាច់យកជីវិតទៅប្តូរ យកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា ជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរ នាំមកការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត ក៏បានអញ្ជើញចែកអំណោយជូនដល់ប្រជាការពារនិងប្រជាពលរដ្ឋចូលរួមចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានក្រមារ១ ថវិការចំនួន២ម៉ឺនរៀល ព្រមទាំងប្រគល់ឲ្យកូមចំនួន ៣១គ្រឿងជូនដល់ប្រជាការពារ និងឧបត្ថម្ភកម្មវិធីថវិការចំនួន៤លានរៀលផងដែរ៕