(កំពង់ចាម)៖ ​លោក គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី​ នៅវត្ត​​អម្ពវនារាម​ ទួលស្វាយជ្រុំ​ (ហៅវត្តចំការអណ្តូង)​ ភូមិចំការអណ្តូង ឃុំចំការអណ្តូង​ ស្រុកចំការលើ​ ខេត្តកំពង់ចាម​​។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាន​នាំប្រសាសន៍សួរសុខទុក្ខពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋក្នុងស្រុកចំការលើ និយាយរួម និងនិយាយដោយឡែក​បងប្អូនប្រជាពលរដ្ឋក្នុងចំការអណ្តូងនេះផ្ទាល់តែម្តង​។

លោកអភិបាលខេត្ត បន្ថែមទៀតថា ដោយដឹងថានៅក្នុង វត្តអម្ពវនារាម​ ទួលស្វាយជ្រុំ​ (ហៅវត្តចំការអណ្តូង)​ ភូមិចំការអណ្តូង ឃុំចំការអណ្តូង​កំពុងធ្វើបុណ្យផ្កាសាមគ្គី​នាពេលនេះផ្ទាល់ លោកបានអញ្ជើញចូលរួមដើម្បីចាប់មគផល និងចូលបុណ្យ ក្នុងនៃឧទិ្ទសកុសលផលបុណ្យ ជូនជីដូនជីតា ដែលបានចែកឋានទៅឋានខាងមុខ និងសូមបួងសួងដល់បងប្អូនជាតិការដែលបានចែកឋាន ឲ្យជួយប្រោះព្រំ ព្រមទាំងប្រសិទ្ធពរជ័យឲ្យជួបតែសេចក្តីសុខ ជាងពិសេសសូមឲ្យប្រទេសជាតិមានសុខសន្ដិភាព ដើម្បីបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនដូចប្រទេសនានានៅក្នុងតំបន់។

លោក គួច ចំរើន បានស្នើ​ប្រជាពលរដ្ឋលោកយាយលោកតាទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការបង្ការ និងពន្លត់អគ្គីភ័យ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទាន ធូប ​ព្រោះជិតដល់រដូវចូលឆ្នាំថ្មីនាពេលខាមុខនេះ ដែលអាចនឹងបង្ក​គ្រោះអគ្គីភ័យ ដោយប្រការណាមួយដែលយើងធ្វើការទ្វេប្រហែស។

លោក​ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស បងប្អូននៅក្នុងស្រុកចំការលើត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការគោរពច្បាប់ចរាចរណ៍ ព្រោះនាពេលបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ដោយឡែកខេត្តកំពង់ចាម​ ​ក៏ជាចំណុចខ្ពស់នៃគ្រោះចរាចរណ៍ នេះផងដែរ ហេតុនេះសូមបងប្អូនទាំងអស់ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាដើម្បីការពារខ្លួន ពេលបើកបរត្រូវពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ក្នុងពេលបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍បានទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន ​​បាន​ចូលបច័្ចយបុណ្យ​២លានរៀល​ ដោយឡែកលោក​ ហ៊ុន​ ម៉ាណិត​ ចំនួន​​៤លានរៀល​ ក្រុមការងារចុះជួយឃុំចំការអណ្តូង​ ចំនួន​​៤លាន២៩ម៉ីនរៀល ព្រមទាំងជូនលោកតា លោកយាយ​ ចំនួន​​៥០នាក់​ ក្នុងមួយនាក់​១ម៉ឺនរៀល៕