(ភ្នំពេញ)៖ ​«TRI PETCH ISUZU SALES CAMBODIA CO.,LTD» ដែលជាក្រុមហ៊ុនចែកចាយ​រថយន្ត ISUZU ប្រភេទ Pickups និង SUV ផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីប្រកាស​ជាផ្លូវការ នូវ​អគ្គនាយកថ្មី ប្រចាំក្នុងប្រទេសកម្ពុជា គឺលោក SHUICHIRO MORI ដែលនឹងគ្រប់គ្រងក្រុមហ៊ុន ISUZU នៅកម្ពុជា ចាប់ពីពេលនេះតទៅ ជាមួយនឹងការតាំងចិត្តខ្ពស់ ដើម្បីរិះរកយុទ្ធសាស្ត្រវាយលុកទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីប្រកាសជាផ្លូវការ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ​មានការចូលរួមពីគណគ្រប់គ្រង របស់ក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD ​​ដូចជាលោក TOSHIAKI MAEKAWA ជាអគ្គនាយកគ្រប់គ្រង និង លោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិ ប្រចាំប្រទេសថៃ រួមទាំងវត្តមានអ្នកសារព័ត៌មាន ជាច្រើនរូបទៀត

​លោក TOSHIAKI MAEKAWA អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD បានថ្លែងថា ទីផ្សាររបស់រថយន្ត ISUZU នៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ព្រោះយើងទើបតែបានមកកាន់ប្រទេសនេះ ប្រហែល២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះយើងត្រូវប្រឹងប្រែង ឲ្យបានខ្លាំងបន្ថែមទៀត ដើម្បីឲ្យម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ ISUZU កាន់តែទទួលស្គាល់ខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា​។

លោកបន្តថា ជាក់ស្តែង នៅក្នុងទីផ្សារប្រទេសកម្ពុជា រថយន្ត ISUZU បានទទួលចំណែកទីផ្សារ ៦% ទៅលើប្រភេទរថយន្ត SUV និង ៣% ទៅលើប្រភេទរថយន្ត Pick UP ប៉ុន្តែចំនួននេះមិនទាន់ អាចបំពេញចិត្តរបស់យើង នៅឡើយទេ។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំអគ្គនាយកថ្មី របស់ក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD ប្រចាំកម្ពុជា​នោះ គឺ​លោក SHUICHIRO MORI ដែលលោកនឹងធ្វើឲ្យទីផ្សាររបស់ ISUZU នៅកម្ពុជាកាន់តែរីកចម្រើនទ្វេរដង​។

ដោយឡែកលោក SHUICHIRO MORI អគ្គនាយកថ្មី របស់ក្រុមហ៊ុនប្រចាំនៅកម្ពុជា បានថ្លែងថា «រីករាយណាស់ ដែលខ្ញុំមានវត្តមានជាអគ្គនាយកថ្មី ប្រចាំនៅកម្ពុជា ហើយក៏រីករាយ ដែលជួបមិត្តអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីថ្ងៃនេះដែរ។ តាមពិតទៅ ខ្ញុំទទួលបានមុខតំណែងនេះ តាំងពីខែមករាមកម្ល៉េះ។ កន្លងមក ខ្ញុំមើលឃើញថា ការងារមួយនេះពិតជា មានការលំបាកខ្លាំងមែនទែន ព្រោះសម្រាប់ទីផ្សារ ISUZU នៅកម្ពុជា យើងទើបតែចាប់ផ្តើមប៉ុន្មានឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ ដូច្នេះវាមិនងាយស្រួលទេ ក្នុងចាប់យកទីផ្សារនៅក្នុងប្រទេសនេះទេ​»

លោកបន្តថា «ជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំ ក្នុងក្រុមហ៊ុន ISUZU កន្លងមក រួមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ យើងជឿជាក់ថា ផ្លាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់យើង នឹងអាចជ្រៀតចូលក្នុងទីផ្សារកម្ពុជា បានកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ​»

យ៉ាងណាមិញ លោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិក្រុមហ៊ុន TRI PETCH ISUZU SALES CO.,LTD ក៏បាន​ថ្លែងថា «ក្រុមហ៊ុន ISUZU មានវត្តមាននៅក្នុងប្រទេសថៃ៦១ឆ្នាំ កន្លងមកហើយ ហើយយើងក៏ម្ចាស់ទីផ្សាររថយន្ត PickUp នៅក្នុងប្រទេសនេះ ធំជាងគេដែរ គឺរហូតដល់ទៅ ៣៦.៦% នៃទីផ្សាររថយន្តថ្មី ប្រភេទ PickUp ទាំងអស់។ ដូច្នេះ យើងនឹងប្រើប្រាស់បទពិសោធន៍ទីផ្សារ ជាច្រើនឆ្នាំរបស់យើង នៅក្នុងប្រទេសថៃ មកធ្វើឲ្យទីផ្សារនៅកម្ពុជារីកចម្រើន ដូចគ្នាអ៊ីចឹងដែរ​»

លោកស្រី PANATDA CHENNAVASIN ក៏បានបញ្ជាក់ដែរថា គ្រប់ប្រភេទរថយន្ត ISUZU ដែលនាំចូលដោយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD ទាំងអស់ សុទ្ធដែលមានគុណភាពខ្ពស់ និងគោរពទៅតាមស្តង់ដារ ដូចជារថយន្តដែលនាំចេញទៅកាន់ ប្រទេសផ្សេងៗទៀតអ៊ីចឹងដែរ។ អ្វីដែលពិសេសទៀតនោះគឺ មានតែក្រុមហ៊ុនរថយន្ត ISUZU មួយប៉ុណ្ណោះ ដែលមានរោងចក្រផលិតរថយន្ត ប្រភេទ Pick Up ដាច់ដោយឡែកពីប្រភេទរថយន្តដទៃ ​ខណៈដែល ក្រុមហ៊ុនផ្សេងទៀត នៅផលិតរថយន្តច្រើនប្រភេទ ក្នុងរោងចក្រតែមួយនៅឡើយ។ ដូច្នេះ រថយន្តប្រភេទ Pick Up របស់ ISUZU ពិតជាមានគុណភាពល្អនិងពិសេសខុសពីក្រុមហ៊ុនដទៃខ្លាំងតែម្តង៕