(បាត់ដំបង)៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ព្រះចៅអធិការវត្តស្វាយជាតិស្រុកសង្កែ បានភៀសព្រះកាយមកគង់នៅវត្តពោធិ៍វាលក្រុងបាត់ដំបង អមដំណើរដោយពុទ្ធបរិស័ទមួយចំនួន តាមការអញ្ជើញរបស់មេគណៈខេត្ត ក្រោយមានព័ត៌មានថា មានគណៈកម្មការ អាចារ្យវត្ត និងព្រះសង្ឃមួយក្រុមទៀត កំពុងគម្រាមកំហែងដល់ព្រះជន្ម ព្រះចៅអធិការអង្គនេះរួចមក។

មានសង្ឃដីកាដល់ភ្នាក់ងារព័ត៌មាន Fresh News ព្រះចៅអធិការវត្តស្វាយជាតិ ដែលមានព្រះនាម ម៉ៅ សុខ ព្រះជន្ម៤៤ព្រះវស្សា បានសង្ឃដីកាថា ព្រះអង្គមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានមកបួសរៀនគង់នៅវត្តស្វាយជាតិនេះ តាំងពីឆ្នាំ២០០២មកម្ល៉េះ (តាំងពីនៅក្មេង) រហូតឆ្នាំ២០១២ ត្រូវបានគណៈសង្ឃនាយកតែងតាំង ធ្វើជាចៅអធិការវត្តស្វាយជាតិរហូតមក និងបានកសាងសមិទ្ធិផលជាច្រើន មានការរីកចម្រើនក្នុងវត្ត លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្រាប់តែមានការចោទប្រកាន់លោកថា បរាជិកជាមួយស្រីញី។

ព្រះចៅអធិការអង្គនេះ បានបន្តថា បន្ទាប់ពីមានការផ្ទុះរឿងនេះឡើង គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃមួយក្រុមទៀត បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ដោយគ្មានអ្វីជាសំអាង គ្មានភស្តុតាងជាក់លាក់ណាមួយ មកបង្ហាញសមត្ថកិច្ចឡើយ គឺជាការចោទប្រកាន់មាត់ទរទេទាំងអស់គ្នា។ ក្រោយមកខាងតុលាការខេត្ត មានលោកព្រះរាជអាជ្ញារងម្នាក់ បានសម្រេចមិនចាត់ការរឿងនេះទេ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់មកដាក់បន្ទុកចោទប្រកាន់នោះឡើយ។

ព្រះចៅអធិការអង្គនេះ បានបន្តទៀតថា បន្ទាប់ពីកើតរឿងនេះហើយ មានពុទ្ធបរិស័ទជិត៣០០នាក់ បានផ្តិតមេដៃធ្វើជាសាក្សី និងគាំទ្រលោកឲ្យគង់នៅធ្វើជាអធិការបន្តទៀតផងដែរ។

បើតាមពុទ្ធបរិស័ទ ដែលអមដំណើរលោក និមន្តមកសាលាគណៈខេត្តនៅវត្តពោធិ៍វាល នារសៀលម្សិលមិញនេះ បានបញ្ជាក់ដូចៗគ្នាថា ព្រះចៅអធិការដែលគេចោទប្រកាន់នោះ គឺជារឿងមិនពិត ព្រោះពួកគាត់បានស្គាល់ព្រះទ័យលោកច្បាស់ណាស់ លោកមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ មានតែខំកសាងសមិទ្ធិផលបានជាច្រើនក្នុងវត្ត ទុកជាប្រយោជន៍វត្ត និងជាសាធារណៈសម្រាប់ពុទ្ធិបរិស័ទដែលមកធ្វើបុណ្យទានប៉ុណ្ណោះ។ ពុទ្ធិបរិស័ទ បានឲ្យដឹងទៀតថា បើលោកពិតជាខុសមែន គឺថ្នាក់លើគេចាប់ផ្សឹកលោកយូរហើយ ព្រោះរឿងនេះបានអូសបន្លាយបានជាង១ឆ្នាំមកហើយ បើនិយាយឲ្យចំទៅ ផ្តើមចេញពីរឿងច្រណែនគ្នាជាធំ គ្មានរឿងអ្វីក្រៅពីរឿងនោះឡើយ។

បើតាមព្រះចៅអធិការអង្គនេះ បានបញ្ជាក់ចុងក្រោយថា គណៈសង្ឃសាលាគណៈខេត្តបាននិមន្តព្រះអង្គ ឲ្យមកគង់នៅវត្តពោធិ៍វាលជាបណ្តោះអាសន្នសិន ដើម្បីសុវត្តិភាពផ្ទាល់ខ្លួនព្រះអង្គ ដោយសារតែមានការគម្រាមកំហែងប៉ុនប៉ងអ្វីមួយកើតឡើង ហើយមេគណៈខេត្តនឹងធ្វើការដោះស្រាយរឿងនេះនៅពេលបុណ្យចូលឆ្នាំខ្មែររួចសិន៕