(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៨នេះ បានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាល​ អញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅកងពលលេខ៥១​ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះយុទ្ធជន-នារី​ ក្រុមគ្រួសារកងទ័ពទាំងអស់​ ព្រមទាំងបានផ្តាំផ្ញើឲ្យចេះថែរក្សាសុខភាព​ រស់នៅមានអនាម័យល្អ​ ចេះការពារកុំឲ្យមានការចម្លងរោគ​ ឫជំងឺដង្កាត់ផ្សេងៗ​ ដូចជាអេដស៌​ របេង​ និងគ្រុនចាញ់​ ជាដើម។

រដ្ឋមន្ត្រី​ ក៏បាននាំមកជូនកងទ័ព និងគ្រួសារកងទ័ពនូវគ្រឿងឧបភោគ-បរិភោគ​ ភេសជ្ជ:​ ថ្នាំសង្កូវ​ មុង​ សារុង​ និងថវិកាមួយចំនួនផងដែរ ៕