(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឲ្យកម្មករ និយោជិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបជាង ៤០ម៉ឺននាក់ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ជាភាសាខ្មែរ (VOA) កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដែលបានផ្សាយថា «សហគមន៍ឧស្សាហកម្មធំៗ របស់អាមេរិកព្រួយបារម្មរណ៍ពីការរឹតត្បិតលើសកម្មភាពសហជីព ស្ថាប័នក្រុមប្រឹក្សាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា»

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។

សភាសម្ព័ន្ធសហជីបជាតិកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងតែអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបានផ្តល់ នូវសិទ្ធិសេរីភាព ក្នុងការចូលរួមបង្កើតសមាគមន៍ និងអង្គភាពសហជីព ដែលបច្ចុប្បន្ននេះមានអង្គការ សមាគមន៍ ប្រមាណ៤ពាន់ សហជីពមូលជាង ៤ពាន់ និងសហព័ន្ធសហជីពជាង១០០។ តួលេខនេះគឺបានបង្ហាញអំពីការបើកចំហ សិទ្ធិសេរីភាព និងសេចក្តីក្លាហានរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមចលនាសហជីព និងសមាគមន៍ដោយគ្មានការរឹតត្បិត ឬការគំរាមកំហែង។

មិនតែប៉ុណ្ណោះប្រទេសកម្ពុជា បានចាត់ទុកអង្គការវិជ្ជាជីវៈសហជីព អង្គការសមាគមន៍ និងអន្តរជាតិ ជាដៃគូរក្នុងការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ចំពោះសមាគមន៍ឧស្សាហកម្មធំៗ របស់អាមេរិក ដែលបានបង្ហាញពីការព្រួយបារម្មណ៍អំពីការរឹតត្បិតលើសកម្មភាពសហជីព ស្ថាប័នក្រុមប្រឹក្សាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលបានផ្សាយតាមរយៈវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) កាលពីថ្ងៃទី២៩ ខែមីនា គឺជាការវាយតម្លៃពីចម្ងាយ ឬជាការវាយតម្លៃតាមរបាយការណ៍ទុច្ចរិត បែបញុះញង់ ដែលផ្ទុយទាំងស្រុងទៅ និងស្ថានភាពពិតនៅកម្ពុជា៕